គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 1:2-15 Khmer Standard Version (KHSV)

2. ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយ​ព្រះ‌ជាម្ចាស់ កាល​ពី​ដើម​ដំបូង​បង្អស់។

3. អ្វីៗ​សព្វ​សារពើ​សុទ្ធ​តែ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល គឺ​ក្នុង​បណ្ដា​អ្វីៗ​ដែល​កើត​មក គ្មាន​អ្វី​មួយ​កើត​មក​ក្រៅ​ពី​ព្រះ‌អង្គ​បង្កើត​នោះ​ឡើយ។

4. ព្រះ‌បន្ទូល​ជា​ប្រភព​នៃ​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក។

5. ពន្លឺ​ភ្លឺ​ក្នុង​សេចក្ដី​ងងឹត តែ​សេចក្ដី​ងងឹត​ពុំ​បាន​ទទួល​ពន្លឺ​ទេ។

6. ព្រះ‌ជាម្ចាស់​បាន​ចាត់​បុរស​ម្នាក់​ឈ្មោះ​យ៉ូហាន​ឲ្យ​មក។

7. លោក​បាន​មក​ធ្វើ​ជា​បន្ទាល់​ផ្ដល់​សក្ខីភាព​អំពី​ពន្លឺ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ជឿ​ដោយ‌សារ​លោក។

8. លោក​យ៉ូហាន​មិន​មែន​ជា​ពន្លឺ​ទេ គឺ​លោក​គ្រាន់​តែ​មក​ផ្ដល់​សក្ខីភាព​អំពី​ពន្លឺ​ប៉ុណ្ណោះ។

9. ព្រះ‌បន្ទូល​ជា​ពន្លឺ​ដ៏​ពិត​ប្រាកដ​តែ​មួយ ដែល​មក​ក្នុង​ពិភព​លោក ហើយ​បំភ្លឺ​មនុស្ស​គ្រប់ៗ​រូប។

10. ព្រះ‌បន្ទូល​បាន​គង់​ក្នុង​ពិភព​លោក ហើយ​ពិភព​លោក​កើត​ឡើង​ដោយ‌សារ​ព្រះ‌អង្គ ប៉ុន្តែ ពិភព​លោក​ពុំ​បាន​ទទួល​ស្គាល់​ព្រះ‌អង្គ​ទេ។

11. ព្រះ‌បន្ទូល​បាន​យាង​មក​គង់​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ តែ​ប្រជា‌រាស្ត្រ​នោះ​ពុំ​បាន​ទទួល​ព្រះ‌អង្គ​ឡើយ។

12. រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះ‌អង្គ គឺ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌នាម​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​អាច​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។

13. អ្នក​ទាំង​នោះ​ពុំ​មែន​កើត​ពី​លោហិត ពី​ចំណង់​តណ្ហា ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើត​ពី​ព្រះ‌ជាម្ចាស់​វិញ។

14. ព្រះ‌បន្ទូល​បាន​កើត​មក​ជា​មនុស្ស ហើយ​គង់​នៅក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ ជា​សិរី‌រុងរឿង​នៃ​ព្រះ‌បុត្រា​តែ​មួយ​គត់ ដែល​មក​ពី​ព្រះ‌បិតា ព្រះ‌អង្គ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌គុណ និង​សេចក្ដី​ពិត។

15. លោក​យ៉ូហាន​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អង្គ ដោយ​ប្រកាស​ថា៖ «គឺ​លោក​នេះ​ហើយ​ដែល​ខ្ញុំ​និយាយ​ថា “អ្នក​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​លោក​មាន​ជីវិត​មុន​ខ្ញុំ”»។

សូមអានជំពូកពេញលេញ យ៉ូហាន 1