1. កាលពីដើមដំបូងបង្អស់ ព្រះបន្ទូលមានព្រះជន្មគង់នៅ។ ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។
2. ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ កាលពីដើមដំបូងបង្អស់។
3. អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។
4. ព្រះបន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។
5. ពន្លឺភ្លឺក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតពុំបានទទួលពន្លឺទេ។
6. ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហានឲ្យមក។
7. លោកបានមកធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីពន្លឺ ដើម្បីឲ្យមនុស្សទាំងអស់ជឿដោយសារលោក។
8. លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្ដល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។
9. ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោក ហើយបំភ្លឺមនុស្សគ្រប់ៗរូប។
10. ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។