4. ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពួកគេបានបង្ខូចព្រះគុណរបស់ព្រះនៃយើង ឲ្យក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ដ* ជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោស ដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។
5. បងប្អូនបានជ្រាបសេចក្ដីទាំងនេះរួចស្រេចហើយ តែខ្ញុំចង់រំឭកបងប្អូនថា ក្រោយពេលដែលព្រះអម្ចាស់បានសង្គ្រោះប្រជារាស្ត្រអ៊ីស្រាអែល ឲ្យចេញផុតពីប្រទេសអេស៊ីបមក ព្រះអង្គបានធ្វើឲ្យអ្នកមិនព្រមជឿត្រូវវិនាសអន្តរាយ។
6. រីឯពួកទេវតា* ដែលពុំបានរក្សាឋានៈរបស់ខ្លួន តែបែរជាបោះបង់ចោលលំនៅរបស់ខ្លួនផ្ទាល់ទៅវិញនោះ ព្រះជាម្ចាស់បានឃុំគេទុកក្នុងទីងងឹត ហើយគេនៅជាប់ចំណងអស់កល្បជានិច្ច រង់ចាំថ្ងៃដ៏អស្ចារ្យដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស។
7. រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ដូចទេវតាទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
8. ពួកទាំងនេះក៏ប្រព្រឹត្តដូច្នោះដែរ គំនិតរវើរវាយរបស់គេបានធ្វើឲ្យរូបកាយខ្លួនទៅជាសៅហ្មង គេមើលងាយអំណាចរបស់ព្រះអម្ចាស់ និងជេរប្រមាថពួកទេវតាដែលប្រកបដោយសិរីរុងរឿង។
9. នៅពេលមហាទេវតាមីកែលប្រកែកជាមួយនឹងមារ* តវ៉ាអំពីសពរបស់លោកម៉ូសេនោះ លោកក៏ពុំហ៊ានដាក់ទោសវាដោយជេរប្រមាថឡើយ គឺលោកគ្រាន់តែពោលថា «សូមព្រះអម្ចាស់ដាក់ទោសឯង!»។
10. រីឯអ្នកទាំងនោះវិញ គេនាំគ្នាជេរប្រមាថអ្វីៗដែលខ្លួនពុំស្គាល់ ហើយអ្វីៗដែលគេស្គាល់តាមសភាវគតិដូចសត្វតិរច្ឆាន បណ្ដាលឲ្យតែខ្លួនគេត្រូវវិនាសប៉ុណ្ណោះ។
11. អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនឲ្យវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្តរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។
12. នៅពេលដែលបងប្អូនបរិភោគអាហាររួមគ្នា ដោយចិត្តស្រឡាញ់ អ្នកទាំងនោះបានធ្វើឲ្យមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ