គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យូដាស 1:16-25 Khmer Standard Version (KHSV)

16. ពួក​គេ​ជា​មនុស្ស​រអ៊ូ‌រទាំ មិន​ដែល​សប្បាយ​ចិត្ត​សោះ គេ​ប្រព្រឹត្ត​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន។ ពាក្យ​សម្ដី​របស់​គេ​ចេញ​មក​សុទ្ធ​តែ​ជា​ពាក្យ​អួត​ដ៏​សម្បើម ហើយ​គេ​តែងតែ​បញ្ចើច‌បញ្ចើ​អ្នក​ដទៃ ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។

17. ចំពោះ​បង‌ប្អូន​វិញ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​នឹក​ចាំ​សេចក្ដី​ប្រៀន‌ប្រដៅ​ដែល​ក្រុម​សាវ័ក*​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ ជា​អម្ចាស់​នៃ​យើង បាន​ប្រាប់​បង‌ប្អូន​កាល​ពី​មុន។

18. លោក​ទាំង​នោះ​មាន​ប្រសាសន៍​ប្រាប់​បង‌ប្អូន​ថា «នៅ​គ្រា​ចុង​ក្រោយ​បំផុត នឹង​មាន​ពួក​អ្នក​ចំអក​មើល‌ងាយ ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់ ហើយ​ប្រព្រឹត្ត​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន»។

19. អ្នក​ទាំង​នោះ​ជា​មេ​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា ជា​មនុស្ស​ដែល​មាន​គំនិត​លោកីយ៍ ហើយ​គ្មាន​ព្រះ‌វិញ្ញាណ​គង់​ជា​មួយ​ទេ។

20. រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​កសាង​គ្នា​ទៅ​វិញ​ទៅ​មក លើ​ជំនឿ​ដ៏‌វិសុទ្ធ​បំផុត​របស់​បង‌ប្អូន ចូរ​អធិស្ឋាន​តាម​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។

21. ចូរ​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ទាំង​ទន្ទឹង​រង់‌ចាំ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌យេស៊ូ‌គ្រិស្ដ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដើម្បី​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​ផង។

22. ត្រូវ​មេត្តា‌ករុណា​ដល់​បង‌ប្អូន​ណា​ដែល​មាន​ចិត្ត​ស្ទាក់‌ស្ទើរ

23. ត្រូវ​សង្គ្រោះ​គេ ដោយ​អូស​ទាញ​គេ​ឲ្យ​រួច​ផុត​ពី​ភ្លើង។ ចំពោះ​អ្នក​ឯ​ទៀតៗ​វិញ ត្រូវ​មេត្តា‌ករុណា​ដល់​គេ​ដែរ តែ​ត្រូវ​ភ័យ​ខ្លាច គឺ​សូម្បី​តែ​អាវ​ដែល​ប៉ះ​នឹង​រូប​កាយ​គេ ក៏​សៅ‌ហ្មង​ដែរ កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ។

24. ព្រះ‌ជា‌ម្ចាស់​អាច​ការពារ​បង‌ប្អូន មិន​ឲ្យ​មាន​កំហុស ព្រម​ទាំង​ឲ្យ​ឈរ​នៅ​មុខ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ ឥត​សៅ‌ហ្មង និង​មាន​អំណរ​សប្បាយ​ទៀត​ផង។

25. មាន​ព្រះ‌ជា‌ម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ទេ ដែល​ជា​ព្រះ‌សង្គ្រោះ​យើង ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រិស្ដ​ជា​ព្រះ‌អម្ចាស់​នៃ​យើង។ សូម​លើក​តម្កើង​សិរី‌រុងរឿង បារមី​ឧត្តុង្គ‌ឧត្ដម ព្រះ‌ចេស្ដា និង​អំណាច​ដែល​ទ្រង់​មាន​តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ហើយ​ទ្រង់​ក៏​មាន​នៅ​ពេល​នេះ និង​អស់‌កល្ប​ត​រៀង​ទៅ។ អាម៉ែន!។

សូមអានជំពូកពេញលេញ យូដាស 1