គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យូដាស 1:12-23 Khmer Standard Version (KHSV)

12. នៅ​ពេល​ដែល​បង‌ប្អូន​បរិភោគ​អាហារ​រួម​គ្នា ដោយ​ចិត្ត​ស្រឡាញ់ អ្នក​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មាន​ល្អក់‌កករ គឺ​គេ​នាំ​គ្នា​ស៊ី​ផឹក​បំពេញ​ក្រពះ ឥត​អៀន​ខ្មាស​ទាល់​តែ​សោះ។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​ពពក​ឥត​មាន​ភ្លៀង ដែល​រសាត់​តាម​ខ្យល់ ប្រៀប​បាន​នឹង​ដើម​ឈើ​គ្មាន​ផ្លែ​ក្នុង​រដូវ​ផ្លែ ហើយ​ជា​ដើម​ឈើ​រលើង​ឫស ដែល​ងាប់​ពីរ​ដង​ទៅ​ហើយ

13. ពួក​គេ​ប្រៀប​បី​ដូច​ជា​រលក​សមុទ្រ​ដ៏​កំណាច បក់​បោក​បែក​ពពុះ គួរ​ឲ្យ​អៀន​ខ្លួន។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​ផ្កាយ​វង្វេង​ទិស ដែល​ព្រះ‌ជា‌ម្ចាស់​បម្រុង​ទុក​ឲ្យ​ស្ថិត​នៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង អស់‌កល្ប​ជា‌និច្ច!

14. លោក​ហេណុក ដែល​ជា​បុព្វបុរស​តំណ​ទី​ប្រាំ‌ពីរ​ក្រោយ​លោក​អដាំ បាន​ថ្លែង​ទុក​អំពី​អ្នក​ទាំង​នោះ​ដូច​ត​ទៅ៖ «មើល! ព្រះ‌អម្ចាស់​យាង​មក​ជា​មួយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ ដែល​មាន​ចំនួន​ដ៏​ច្រើន​អនេក‌អនន្ត

15. ដើម្បី​វិនិច្ឆ័យ​ទោស​មនុស្ស​ទួទៅ និង​បង្ហាញ​ឲ្យ​មនុស្ស​ទាំង​អស់ ដែល​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់ ដឹង​កំហុស​របស់​ខ្លួន ហើយ​ឲ្យ​អ្នក​បាប​ទាំង​នោះ​ដឹង​អំពី​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ពោល​ប្រឆាំង​នឹង​ព្រះ‌អង្គ»។

16. ពួក​គេ​ជា​មនុស្ស​រអ៊ូ‌រទាំ មិន​ដែល​សប្បាយ​ចិត្ត​សោះ គេ​ប្រព្រឹត្ត​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន។ ពាក្យ​សម្ដី​របស់​គេ​ចេញ​មក​សុទ្ធ​តែ​ជា​ពាក្យ​អួត​ដ៏​សម្បើម ហើយ​គេ​តែងតែ​បញ្ចើច‌បញ្ចើ​អ្នក​ដទៃ ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។

17. ចំពោះ​បង‌ប្អូន​វិញ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​នឹក​ចាំ​សេចក្ដី​ប្រៀន‌ប្រដៅ​ដែល​ក្រុម​សាវ័ក*​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ ជា​អម្ចាស់​នៃ​យើង បាន​ប្រាប់​បង‌ប្អូន​កាល​ពី​មុន។

18. លោក​ទាំង​នោះ​មាន​ប្រសាសន៍​ប្រាប់​បង‌ប្អូន​ថា «នៅ​គ្រា​ចុង​ក្រោយ​បំផុត នឹង​មាន​ពួក​អ្នក​ចំអក​មើល‌ងាយ ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់ ហើយ​ប្រព្រឹត្ត​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន»។

19. អ្នក​ទាំង​នោះ​ជា​មេ​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា ជា​មនុស្ស​ដែល​មាន​គំនិត​លោកីយ៍ ហើយ​គ្មាន​ព្រះ‌វិញ្ញាណ​គង់​ជា​មួយ​ទេ។

20. រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​កសាង​គ្នា​ទៅ​វិញ​ទៅ​មក លើ​ជំនឿ​ដ៏‌វិសុទ្ធ​បំផុត​របស់​បង‌ប្អូន ចូរ​អធិស្ឋាន​តាម​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។

21. ចូរ​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ទាំង​ទន្ទឹង​រង់‌ចាំ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌យេស៊ូ‌គ្រិស្ដ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដើម្បី​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​ផង។

22. ត្រូវ​មេត្តា‌ករុណា​ដល់​បង‌ប្អូន​ណា​ដែល​មាន​ចិត្ត​ស្ទាក់‌ស្ទើរ

23. ត្រូវ​សង្គ្រោះ​គេ ដោយ​អូស​ទាញ​គេ​ឲ្យ​រួច​ផុត​ពី​ភ្លើង។ ចំពោះ​អ្នក​ឯ​ទៀតៗ​វិញ ត្រូវ​មេត្តា‌ករុណា​ដល់​គេ​ដែរ តែ​ត្រូវ​ភ័យ​ខ្លាច គឺ​សូម្បី​តែ​អាវ​ដែល​ប៉ះ​នឹង​រូប​កាយ​គេ ក៏​សៅ‌ហ្មង​ដែរ កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ។

សូមអានជំពូកពេញលេញ យូដាស 1