គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 9:19-33 Khmer Standard Version (KHSV)

19. ព្រះ‌យេស៊ូ​ក្រោក​ឡើង យាង​ទៅ​ជា​មួយ​គាត់ ពួក​សិស្ស*​ក៏​ទៅ​ជា​មួយ​ដែរ។

20. មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ នាង​មក​ពី​ក្រោយ​ព្រះ‌យេស៊ូ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះ‌អង្គ

21. ដ្បិត​នាង​រិះគិត​ក្នុង​ចិត្ត​ថា «បើ​ខ្ញុំ​គ្រាន់​តែ​បាន​ពាល់​អាវ​លោក ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។

22. ព្រះ‌យេស៊ូ​បែរ​ទៅ​ក្រោយ ទត​ឃើញ​នាង ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​ស្រី​អើយ! ចូរ​ក្លាហាន​ឡើង ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ»។ ស្ត្រី​ធ្លាក់​ឈាម​បាន​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។

23. កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់​ផ្ទះ​នាម៉ឺន​នោះ ព្រះ‌អង្គ​ទត​ឃើញ​អ្នក​លេង​ភ្លេង​កំដរ​សព និង​ឃើញ​មនុស្ស‌ម្នា​ជ្រួល‌ច្របល់ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖

24. «នាំ​គ្នា​ចេញ​ទៅ! ក្មេង​ស្រី​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ»។ គេ​ចំអក​ដាក់​ព្រះ‌អង្គ។

25. កាល​ព្រះ‌អង្គ​ដេញ​គេ​ចេញ​ទៅ​ក្រៅ​អស់​ហើយ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​បន្ទប់ ចាប់​ដៃ​ក្មេង​ស្រី​នោះ នាង​ក៏​ក្រោក​ឡើង។

26. ដំណឹង​នេះ​លេច​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​តំបន់​នោះ​ទាំង​មូល។

27. កាល​ព្រះ‌យេស៊ូ​កំពុង​តែ​យាង​ចេញ​ពី​ទី​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​មក​តាម​ព្រះ‌អង្គ ស្រែក​ថា៖ «ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង»។

28. ពេល​ព្រះ‌អង្គ​យាង​ទៅ​ដល់​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរ​នាក់​ចូល​ទៅ​ជិត​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «តើ​អ្នក​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​បាន​ឬ?»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ»។

29. ព្រះ‌អង្គ​ក៏​ពាល់​ភ្នែក​អ្នក​ទាំង​ពីរ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។

30. ពេល​នោះ ភ្នែក​របស់​គេ​ក៏​បាន​ភ្លឺ។ ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ​យ៉ាង​តឹង‌តែង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ដឹង​ឡើយ»។

31. ប៉ុន្តែ បុរស​ទាំង​ពីរ​ចេញ​ទៅ​ផ្សព្វ‌ផ្សាយ​រឿង​នោះ ឲ្យ​គេ​ដឹង​ពាស‌ពេញ​ស្រុក។

32. លុះ​អ្នក​ទាំង​ពីរ​ចេញ​ផុត​ទៅ មាន​គេ​នាំ​មនុស្ស​គ​ម្នាក់​ដែល​មាន​អារក្ស​ចូល មក​គាល់​ព្រះ‌យេស៊ូ។

33. កាល​ព្រះ‌អង្គ​ដេញ​អារក្ស​ចេញ​ហើយ មនុស្ស​គ​ក៏​និយាយ​បាន។ មហា‌ជន​នាំ​គ្នា​ស្ងើច​សរ‌សើរ​យ៉ាង​ខ្លាំង​ទាំង​ពោល​ថា៖ «យើង​មិន​ដែល​ឃើញ​ការ​អស្ចារ្យ​បែប​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ»។

សូមអានជំពូកពេញលេញ ម៉ាថាយ 9