គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 8:22-30 Khmer Standard Version (KHSV)

22. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ»។

23. ព្រះ‌យេស៊ូ​យាង​ចុះ​ទូក ហើយ​ពួក​សិស្ស*​នាំ​គ្នា​ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។

24. ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះ‌យេស៊ូ​វិញ ទ្រង់​ផ្ទំ​លក់។

25. ពួក​សិស្ស*​ចូល​ទៅ​ជិត ដាស់​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​ជួយ​ផង យើង​ស្លាប់​ឥឡូវ​ហើយ»។

26. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត‌ភ័យ​ដូច្នេះ?»។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​សមុទ្រ ពេល​នោះ សមុទ្រ​ក៏​ស្ងប់‌ឈឹង។

27. ពួក​សិស្ស​នាំ​គ្នា​ស្ងើច​សរ‌សើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។

28. កាល​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​គេរ៉ា‌ស៊ីន មាន​បុរស​អារក្ស​ចូល​ពីរ​នាក់​ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​ព្រះ‌អង្គ។ បុរស​ទាំង​ពីរ​នេះ​កាច​ណាស់ គ្មាន​នរណា​ហ៊ាន​ដើរ​កាត់​តាម​នោះ​ទេ។

29. អ្នក​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​អើយ! តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​យើង​ខ្ញុំ? ព្រះ‌អង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​ទោស​យើង​ខ្ញុំ មុន​ពេល​កំណត់​ឬ?»។

30. នៅ​ឆ្ងាយ​ពី​នោះ​បន្តិច មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី។

សូមអានជំពូកពេញលេញ ម៉ាថាយ 8