គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 7:12-29 Khmer Standard Version (KHSV)

12. «ដូច្នេះ បើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ដូច្នេះ​ឯង។

13. ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​រក​សេចក្ដី​វិនាស​អន្តរាយ​ធំ​ណាស់ ហើយ​ផ្លូវ​ទៅ​រក​សេចក្ដី​វិនាស​ក៏​ទូលាយ​ដែរ មាន​មនុស្ស​ជា​ច្រើន​ចូល​តាម​ទ្វារ​នោះ។

14. រីឯ​ទ្វារ​ដែល​នាំ​ទៅ​រក​ជីវិត ចង្អៀត ហើយ​ពិបាក​ដើរ​ផង មាន​មនុស្ស​តិច​ទេ​រក​ផ្លូវ​នោះ​ឃើញ»។

15. «ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការី*​ក្លែង‌ក្លាយ គេ​ក្លែង​ខ្លួន​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​គេ​មាន​ចិត្ត​សាហាវ​ដូច​ចចក។

16. អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឧទុម្ពរ*​ពី​គុម្ព​បន្លា​ឡើយ។

17. ដើម​ឈើ​ល្អ​តែង​ផ្ដល់​ផ្លែ​ល្អ រីឯ​ដើម​ឈើ​អា‌ក្រក់​តែង​ផ្ដល់​ផ្លែ​អា‌ក្រក់។

18. ដើម​ឈើ​ល្អ​មិន​អាច​ផ្ដល់​ផ្លែ​អា‌ក្រក់​ទេ រីឯ​ដើម​ឈើ​អា‌ក្រក់​ក៏​មិន​អាច​ផ្ដល់​ផ្លែ​ល្អ​បាន​ដែរ។

19. ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ គេ​នឹង​កាប់​យក​ទៅ​ដុត។

20. រីឯ​ពួក​ព្យាការី​ក្លែង‌ក្លាយ​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត»។

21. «អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* មិន​មែន​ជា​អ្នក​ដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!”​ប៉ុណ្ណោះ​ទេ គឺ​ជា​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​នោះ​វិញ។

22. នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ពោល​មក​ខ្ញុំ​ថា “ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​អើយ! យើង​ខ្ញុំ​ធ្លាប់​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ យើង​ខ្ញុំ​ធ្លាប់​ដេញ​អារក្ស​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​យើង​ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​ដែរ”។

23. ពេល​នោះ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ថា “ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ!”»។

24. «អ្នក​ណា​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឈ្លាស​វៃ​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ផ្ទាំង​ថ្ម។

25. ទោះ​បី​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ​យ៉ាង​ណា​ក៏​ដោយ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ ព្រោះ​មាន​គ្រឹះ​នៅ​លើ​ផ្ទាំង​ថ្ម។

26. រីឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឆោត​ល្ងង់​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់

27. ពេល​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់​មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់​បែក​ខ្ទេច​អស់​គ្មាន​សល់»។

28. កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ មហា‌ជន​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​ដែល​ព្រះ‌អង្គ​ប្រៀន‌ប្រដៅ

29. ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រកប​ដោយ​អំណាច ខុស​ប្លែក​ពី​ពួក​អាចារ្យ*​របស់​ពួក​គេ។

សូមអានជំពូកពេញលេញ ម៉ាថាយ 7