គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 7:1-16 Khmer Standard Version (KHSV)

1. «កុំ​ថ្កោល​ទោស​អ្នក​ដទៃ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​ថ្កោល​ទោស​អ្នក​រាល់​គ្នា

2. បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ‌ជាម្ចាស់​ក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ព្រះ‌អង្គ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ។

3. ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​បង‌ប្អូន តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ដូច្នេះ?

4. បើ​មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក ម្ដេច​ក៏​អ្នក​និយាយ​ទៅ​បង‌ប្អូន​ថា “ទុក​ឲ្យ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​អ្នក!”

5. មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បង‌ប្អូន​អ្នក​បាន។

6. កុំ​យក​អ្វីៗ​ដែល​ជា​របស់​វិសុទ្ធ* ទៅ​ឲ្យ​ឆ្កែ​ឡើយ ហើយ​ក៏​កុំ​បោះ​ត្បូង​ពេជ្រ​របស់​អ្នក​រាល់​គ្នា​នៅ​មុខ​ជ្រូក​ដែរ ក្រែង​លោ​វា​ជាន់​ឈ្លី រួច​បែរ​មក​ត្របាក់​ខាំ​អ្នក​រាល់​គ្នា​វិញ»។

7. «ចូរ​សុំ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ចូរ​ស្វែង​រក នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះ‌អង្គ​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន

8. ដ្បិត​អ្នក​ណា​សុំ អ្នក​នោះ​តែងតែ​បាន​ទទួល អ្នក​ណា​ស្វែង​រក អ្នក​នោះ​តែងតែ​បាន​ឃើញ ហើយ​គេ​តែងតែ​បើក​ទ្វារ​ឲ្យ​អ្នក​ដែល​គោះ។

9. ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​នំប៉័ង មិន​ដែល​មាន​នរណា​យក​ដុំ​ថ្ម​ឲ្យ​វា​ឡើយ

10. ហើយ​បើ​កូន​សុំ​ត្រី ក៏​មិន​ដែល​មាន​នរណា​យក​ពស់​អសិ‌រពិស​ឲ្យ​វា​ដែរ។

11. សូម្បី​តែ​អ្នក​រាល់​គ្នា ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* តើ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អៗ​ឲ្យ​អស់​អ្នក​ដែល​ទូល​សូម​ពី​ព្រះ‌អង្គ យ៉ាង​ណា​ទៅ​ទៀត!»។

12. «ដូច្នេះ បើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ដូច្នេះ​ឯង។

13. ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​រក​សេចក្ដី​វិនាស​អន្តរាយ​ធំ​ណាស់ ហើយ​ផ្លូវ​ទៅ​រក​សេចក្ដី​វិនាស​ក៏​ទូលាយ​ដែរ មាន​មនុស្ស​ជា​ច្រើន​ចូល​តាម​ទ្វារ​នោះ។

14. រីឯ​ទ្វារ​ដែល​នាំ​ទៅ​រក​ជីវិត ចង្អៀត ហើយ​ពិបាក​ដើរ​ផង មាន​មនុស្ស​តិច​ទេ​រក​ផ្លូវ​នោះ​ឃើញ»។

15. «ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការី*​ក្លែង‌ក្លាយ គេ​ក្លែង​ខ្លួន​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​គេ​មាន​ចិត្ត​សាហាវ​ដូច​ចចក។

16. អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឧទុម្ពរ*​ពី​គុម្ព​បន្លា​ឡើយ។

សូមអានជំពូកពេញលេញ ម៉ាថាយ 7