គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 6:15-23 Khmer Standard Version (KHSV)

15. ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អត់‌ទោស​ឲ្យ​មនុស្ស​លោក​ទេ​នោះ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ក៏​មិន​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។

16. «កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ពួក​អ្នក​មាន​ពុត​នោះ​ឡើយ។ ពួក​គេ​បង្ហាញ​ទឹក​មុខ​ឲ្យ​អ្នក​ដទៃ​ឃើញ ថា​ខ្លួន​តម​អាហារ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។

17. រីឯ​អ្នក​វិញ កាល​ណា​អ្នក​តម​អាហារ ត្រូវ​លាប​ទឹក​អប់​លើ​ក្បាល ហើយ​លុប​មុខ​ផង

18. កុំ​ឲ្យ​មនុស្ស‌ម្នា​ឃើញ​ថា​អ្នក​តម​ឡើយ គឺ​ឲ្យ​តែ​ព្រះ‌បិតា​របស់​អ្នក ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ទត​ឃើញ​ប៉ុណ្ណោះ ពេល​នោះ ព្រះ‌បិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​មិន​ខាន»។

19. «កុំ​សន្សំ​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន នៅ​លើ​ផែន‌ដី ជា​កន្លែង​ដែល​មាន​កណ្ដៀរ និង​ច្រែះ​ស៊ី ជា​កន្លែង​ដែល​មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​នោះ​ឲ្យ​សោះ។

20. ចូរ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​នៅ​ស្ថាន​បរម‌សុខ*​វិញ ជា​ស្ថាន​ដែល​គ្មាន​កណ្ដៀរ និង​ច្រែះ​ស៊ី​ជា​ស្ថាន​ដែល​គ្មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​ឡើយ

21. ដ្បិត​ទ្រព្យ​សម្បត្តិ​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ»។

22. «ភ្នែក​ប្រៀប​បាន​នឹង​ចង្កៀង​របស់​រូប​កាយ បើ​ភ្នែក​អ្នក​នៅ​ភ្លឺ​ល្អ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ភ្លឺ​ដែរ

23. តែ​បើ​ភ្នែក​អ្នក​ងងឹត​វិញ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ងងឹត​ដែរ។ ប្រសិន​បើ​ពន្លឺ​នៅ​ក្នុង​អ្នក​ត្រឡប់​ទៅ​ជា​ងងឹត​ប៉ុណ្ណឹង​ទៅ​ហើយ នោះ​មិន​ដឹង​ជា​សេចក្ដី​ងងឹត​នឹង​ទៅ​ជា​សូន្យ‌សុង ដល់​កម្រិត​ណា​ទៀត​ទេ»។

សូមអានជំពូកពេញលេញ ម៉ាថាយ 6