គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 5:30-42 Khmer Standard Version (KHSV)

30. ប្រសិន​បើ​ដៃ​ស្ដាំ​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​តែ​អវ‌យវៈ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក»។

31. «មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា “បុរស​ណា​លែង​ភរិយា ត្រូវ​ធ្វើ​លិខិត​លែង‌លះ​ឲ្យ​នាង”

32. រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា​របស់​ខ្លួន (លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀប‌ការ) បុរស​នោះ​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀប‌ការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​រៀប‌ការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។

33. «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស*​ថា: “កុំ​បំភ្លេច​ពាក្យ​សម្បថ​ចោល​ឡើយ។ ត្រូវ​តែ​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់”។

34. រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ កុំ​ស្បថ​ដោយ​យក​មេឃ​ជា​សាក្សី​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់

35. ក៏​កុំ​ស្បថ​ដោយ​យក​ផែន‌ដី​ជា​សាក្សី​ដែរ ព្រោះ​ផែន‌ដី​ជា​កំណល់​ទ្រ​ព្រះ‌បាទា​របស់​ព្រះ‌អង្គ។ កុំ​ស្បថ​ដោយ​យក​ក្រុង​យេរូ‌សាឡឹម​ជា​សាក្សី ព្រោះ​យេរូ‌សាឡឹម​ជា​ក្រុង​របស់​ព្រះ‌មហា‌ក្សត្រ​ដ៏​ឧត្ដម។

36. កុំ​ស្បថ​ដោយ​យក​ក្បាល​អ្នក​ជា​សាក្សី ព្រោះ​អ្នក​ពុំ​អាច​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ទៅ​ជា​ស ឬ​ខ្មៅ​បាន​ឡើយ សូម្បី​តែ​មួយ​សរសៃ​ក៏​ពុំ​បាន​ផង។

37. ត្រូវ​និយាយ​ឲ្យ​ទៀង​ទាត់ បើ “មែន” ឲ្យ​ប្រាកដ​ជា “មែន” បើ “ទេ” ឲ្យ​ប្រាកដ​ជា“ទេ”។ រីឯ​ពាក្យ​ពន្លើស សុទ្ធ​តែ​មក​ពី​មារ​កំណាច​ទាំង​អស់»។

38. «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ប្រសិន​បើ​គេ​វាយ​ភ្នែក​អ្នក​ម្ខាង ត្រូវ​វាយ​ភ្នែក​គេ​តែ​ម្ខាង​វិញ ប្រសិន​បើ​គេ​វាយ​អ្នក​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​គេ​ឲ្យ​បាក់​ធ្មេញ​តែ​មួយ​ដែរ”។

39. រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​កំណាច​ឲ្យ​សោះ បើ​មាន​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ។

40. បើ​មាន​គេ​ប្ដឹង​ចង់​បាន​អាវ​ក្នុង​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ធំ​ថែម​ទៀត​ទៅ។

41. បើ​មាន​គេ​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​មួយ​យោជន៍ ចូរ​ទៅ​ពីរ​យោជន៍​ជា​មួយ​គេ​ចុះ។

42. អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​កុំ​គេច​មុខ​ចេញ​ពី​អ្នក​ដែល​សុំ​ខ្ចី​អ្វីៗ​ពី​អ្នក​ដែរ»។

សូមអានជំពូកពេញលេញ ម៉ាថាយ 5