គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 5:1-18 Khmer Standard Version (KHSV)

1. ព្រះ‌យេស៊ូ​ទត​ឃើញ​មហា‌ជន​ទាំង​នេះ ព្រះ‌អង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ។ សិស្ស*​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌អង្គ

2. ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖

3. «អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រ‌ខ្សត់អ្នក​នោះ​មាន​សុភមង្គល*​ហើយដ្បិត​ពួក​គេ​បាន​ទទួល​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ!

4. អ្នក​ណា​សោក‌សៅអ្នក​នោះ​មាន​សុភមង្គល​ហើយដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្រាល​ទុក្ខ​ពួក​គេ!

5. អ្នក​ណា​មាន​ចិត្ត​ស្លូត‌បូតអ្នក​នោះ​មាន​សុភមង្គល​ហើយដ្បិត​ពួក​គេ​នឹង​ទទួល​ផែន‌ដី​ទុក​ជា​មត៌ក!

6. អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត*អ្នក​នោះ​មាន​សុភមង្គល​ហើយដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យពួក​គេ​បាន​ឆ្អែត!

7. អ្នក​ណា​មាន​ចិត្ត​មេត្តា‌ករុណាអ្នក​នោះ​មាន​សុភមង្គល​ហើយដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្តែង​ព្រះ‌ហឫទ័យមេត្តា‌ករុណា​ដល់​ពួក​គេ​វិញ!

8. អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ*អ្នក​នោះ​មាន​សុភមង្គល​ហើយដ្បិត​ពួក​គេ​នឹង​ឃើញ​ព្រះ‌ជាម្ចាស់!

9. អ្នក​ណា​កសាង​សន្តិ‌ភាពអ្នក​នោះ​មាន​សុភមង្គល​ហើយដ្បិត​ពួក​គេ​នឹង​មាន​ឈ្មោះ​ជា​បុត្ររបស់​ព្រះ‌ជាម្ចាស់!

10. អ្នក​ណា​ត្រូវ​គេ​បៀត‌បៀនព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត*អ្នក​នោះ​មាន​សុភមង្គល​ហើយដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ!

11. ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល បៀត‌បៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ!

12. ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ពួក​ព្យាការី*​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀត‌បៀន​ដូច្នោះ​ដែរ»។

13. «អ្នក​រាល់​គ្នា​ជា​អំបិល​សម្រាប់​មនុស្ស​លោក ប៉ុន្តែ បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​គេ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន? អំបិល​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ គឺ​មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅ ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។

14. អ្នក​រាល់​គ្នា​ជា​ពន្លឺ​សម្រាប់​បំភ្លឺ​មនុស្ស​លោក។ គេ​មិន​អាច​លាក់​បំបាំង​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ​បាន​ឡើយ។

15. គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ​នោះ​ទេ គឺ​គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ ហើយ​ចង្កៀង​នោះ​បំភ្លឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ។

16. ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បំភ្លឺ​មនុស្ស​ទាំង‌ឡាយ​ដូច្នោះ​ដែរ គេ​នឹង​ឃើញ​អំពើ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*»។

17. «សុំ​កុំ​នឹក​ស្មាន​ថា​ខ្ញុំ​មក​លុប​បំបាត់​គម្ពីរ‌វិន័យ ឬ​គម្ពីរ​ព្យាការី*​ចោល​ឡើយ។ ខ្ញុំ​មិន​មែន​មក​លុប​បំបាត់​ទេ គឺ​ខ្ញុំ​មក​ធ្វើ​ឲ្យ​គម្ពីរ​មាន​អត្ថ‌ន័យ​ពេញ​លក្ខណៈ​ទៅ​វិញ។

18. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ច្បាស់​ថា ដរាប​ណា​ផ្ទៃ​មេឃ និង​ផែន‌ដី​នៅ​ស្ថិត‌ស្ថេរ ដរាប​នោះ​គ្មាន​ក្បៀស ឬ​បន្តក់​ណា​មួយ​ក្នុង​គម្ពីរ‌វិន័យ* ត្រូវ​រលុប​បាត់​ឡើយ គឺ​គម្ពីរ​ទាំង​មូល​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​ទី​បំផុត។

សូមអានជំពូកពេញលេញ ម៉ាថាយ 5