គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 3:8-16 Khmer Standard Version (KHSV)

8. ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។

9. កុំ​នឹក​ស្មាន​ថា​ខ្លួន​មាន​លោក​អប្រាហាំ​ជា​បុព្វបុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ដែរ។

10. ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច ដើម​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ នឹង​ត្រូវ​កាប់​រំលំ ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។

11. ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ*​អ្នក​រាល់​គ្នា​ក្នុង​ទឹក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត ប៉ុន្តែ លោក​ដែល​មក​ក្រោយ​ខ្ញុំ លោក​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ដោះ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​លោក​ផង។ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* និង​ដោយ​ភ្លើង​វិញ។

12. លោក​កាន់​ចង្អេរ លោក​សម្អាត​លាន​បោក​ស្រូវ អុំ​ស្រូវ​យក​គ្រាប់​ល្អ​របស់​លោក​ប្រមូល​ដាក់​ជង្រុក រីឯ​សម្ដីវិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។

13. ពេល​នោះ ព្រះ‌យេស៊ូ​យាង​ពី​ស្រុក​កាលី‌ឡេ​មក​រក​លោក​យ៉ូហាន នៅ​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​ឲ្យ​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ថ្វាយ​ព្រះ‌អង្គ។

14. ប៉ុន្តែ លោក​យ៉ូហាន​ប្រកែក​ថា៖ «ខ្ញុំ​ទេ​តើ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ!»។

15. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ធ្វើ​សិន​ចុះ ធ្វើ​ដូច្នេះ ទើប​ស្រប​តាម​គ្រប់​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​ទុក​មក»។ លោក​យ៉ូហាន​ក៏​យល់​ព្រម។

16. ពេល​ព្រះ‌យេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ទ្រង់​យាង​ឡើង​ពី​ទឹក ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ព្រះ‌អង្គ​ទត​ឃើញ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ម៉ាថាយ 3