ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 28 Khmer Standard Version (KHSV)

ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ

1. ក្រោយ​ថ្ងៃ​សប្ប័ទ* គឺ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា និង​នាង​ម៉ារី​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​មើល​ផ្នូរ។

2. ពេល​នោះ ស្រាប់​តែ​ផែន‌ដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​ចុះ​ពី​ស្ថាន​បរម‌សុខ*​មក​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ​ថែម​ទៀត​ផង។

3. ទេវតា​នោះ​មាន​ទ្រង់‌ទ្រាយ​ភ្លឺ​ដូច​ផ្លេក​បន្ទោរ និង​មាន​សម្លៀក‌បំពាក់​ស​ដូច​សំឡី។

4. ទាហាន​ភ័យ​ញ័រ​ជា​ខ្លាំង ភាំង​ស្មារតី​ដូច​មនុស្ស​ស្លាប់។

5. ទេវតា​និយាយ​ទៅ​កាន់​ស្ត្រីៗ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី! ខ្ញុំ​ដឹង​ថា​នាងៗ​មក​រក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែល​គេ​បាន​ឆ្កាង។

6. ព្រះ‌អង្គ​មិន​នៅ​ទី​នេះ​ទេ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​ទ្រង់​មាន​ព្រះ‌បន្ទូល​រួច​មក​ហើយ សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌អង្គ​ឯ‌ណេះ​សិន

7. ហើយ​សឹម​អញ្ជើញ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ជា​ប្រញាប់ ថា​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ឥឡូវ​នេះ ព្រះ‌អង្គ​យាង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អង្គ សុំ​នាង​ជ្រាប!»។

8. ស្ត្រី​ទាំង​នោះ​ប្រញាប់‌ប្រញាល់​ចេញ​ពី​ផ្នូរ ទាំង​ភ័យ​ទាំង​អរ​យ៉ាង​ខ្លាំង នាំ​ដំណឹង​នេះ​រត់​ទៅ​ជម្រាប​ពួក​សិស្ស។

9. ពេល​នោះ ស្រាប់​តែ​ព្រះ‌យេស៊ូ​យាង​មក​ជួប​ពួក​នាង ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ជម្រាប​សួរ​នាង!»។ នាង​ទាំង​នោះ​ក៏​ចូល​មក​ឱប​ព្រះ‌បាទា ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។

10. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! សុំ​ទៅ​ប្រាប់​បង‌ប្អូន​ខ្ញុំ​ឲ្យ​ទៅ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។

11. កាល​ស្ត្រី​ទាំង​នោះ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ ទាហាន​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ទីក្រុង ជម្រាប​ពួក​នាយក​បូជា‌ចារ្យ​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​ឡើង។

12. ពួក​នាយក​បូជា‌ចារ្យ​ក៏​ប្រជុំ​ពិភាក្សា​គ្នា​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ ហើយ​សម្រេច​ចិត្ត​ឲ្យ​ប្រាក់​យ៉ាង​ច្រើន​ដល់​ពួក​ទាហាន

13. ទាំង​ប្រាប់​ថា៖ «ត្រូវ​និយាយ​ថា “ពេល​យើង​ខ្ញុំ​កំពុង​ដេក​លក់ មាន​សិស្ស​របស់​អ្នក​នោះ​មក​លួច​យក​សព​ទៅ​ទាំង​យប់”។

14. ប្រសិន​បើ​រឿង​នេះ​លេច​ឮ​ដល់​លោក​ទេសា‌ភិបាល ចាំ​យើង​ជួយ​ដោះ​ស្រាយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទោស»។

15. ពួក​ទាហាន​ទទួល​យក​ប្រាក់ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់។ រឿង​នេះ​ក៏​លេច​ឮ​សុស‌សាយ​ក្នុង​ចំណោម​ជន‌ជាតិ​យូដា រហូត​មក​ទល់​សព្វ​ថ្ងៃ។

ព្រះ‌យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ

16. សិស្ស*​ទាំង​ដប់​មួយ​រូប​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលី‌ឡេ ហើយ​ឡើង​ទៅ​លើ​ភ្នំ​ដែល​ព្រះ‌យេស៊ូ​បាន​ប្រាប់​ឲ្យ​គេ​ទៅ។

17. កាល​គេ​បាន​ឃើញ​ព្រះ‌អង្គ គេ​ក្រាប​ថ្វាយ‌បង្គំ ប៉ុន្តែ មាន​អ្នក​ខ្លះ​នៅ​សង្ស័យ។

18. ព្រះ‌យេស៊ូ​យាង​ចូល​មក​ជិត​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែន‌ដី។

19. ដូច្នេះ ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ធ្វើ​ជា​សិស្ស ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ ក្នុង​ព្រះ‌នាម​ព្រះ‌បិតា ព្រះ‌បុត្រា និង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*។

20. ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។