9. ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី*យេរេមាថា៖ «គេបានយកប្រាក់សាមសិបស្លឹង ជាប្រាក់ដែលជនជាតិអ៊ីស្រាអែលសន្មតថា ជាថ្លៃទិញលោកនោះ
10. ហើយគេបានយកប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ដូចព្រះអម្ចាស់បង្គាប់មកខ្ញុំ»។
11. ព្រះយេស៊ូឈរនៅចំពោះមុខលោកទេសាភិបាលលោកសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។
12. ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នាំគ្នាចោទប្រកាន់ព្រះអង្គ តែព្រះអង្គពុំឆ្លើយអ្វីទាល់តែសោះ។
13. លោកពីឡាតសួរព្រះអង្គថា៖ «អ្នកមិនឮសេចក្ដីទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬ?»។
14. ព្រះយេស៊ូពុំបានឆ្លើយតបមួយម៉ាត់សោះឡើយ ជាហេតុនាំឲ្យលោកទេសាភិបាលងឿងឆ្ងល់ជាខ្លាំង។
15. ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង* លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។
16. នៅពេលនោះ មានអ្នកទោសដ៏ល្បីម្នាក់ ឈ្មោះយេស៊ូបារ៉ាបាស។
17. កាលបណ្ដាជនមកជុំគ្នាហើយ លោកពីឡាតសួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា ដោះលែងយេស៊ូបារ៉ាបាស ឬយេស៊ូហៅព្រះគ្រិស្ដ?»។
18. លោកពីឡាតមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកគេបញ្ជូនព្រះយេស៊ូមកលោក ព្រោះគេមានចិត្តច្រណែន។
19. នៅពេលលោកពីឡាតអង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេឲ្យមកជម្រាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់»។
20. ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នាំគ្នាញុះញង់បណ្ដាជនឲ្យសុំដោះលែងបារ៉ាបាស និងសុំប្រហារជីវិតព្រះយេស៊ូ។
21. លោកទេសាភិបាលមានប្រសាសន៍ទៅគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា?»។ ពួកគេឆ្លើយថា៖ «បារ៉ាបាស!»។
22. លោកពីឡាតសួរទៅគេថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់ឈ្មោះ យេស៊ូ ហៅព្រះគ្រិស្ដនេះ?»។ គេស្រែកឡើងទាំងអស់គ្នាថា៖ «យកទៅឆ្កាងទៅ!»។
23. លោកមានប្រសាសន៍ថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី?» គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងថា៖ «យកទៅឆ្កាងទៅ!»។
24. ដោយលោកពីឡាតឃើញថានិយាយទៅឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ហារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។
25. ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖ «យើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ ទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។