គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:56-66 Khmer Standard Version (KHSV)

56. ក្នុង​ចំណោម​ស្ត្រីៗ​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី ជា​ម្ដាយ​របស់​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ភរិយា​របស់​លោក​សេបេ‌ដេ​ជា​ដើម។

57. លុះ​ដល់​ល្ងាច មាន​សេដ្ឋី​ម្នាក់ ឈ្មោះ​យ៉ូសែប ជា​អ្នក​ក្រុង​អើរី‌ម៉ាថេ មក​ដល់ គាត់​ក៏​ជា​សិស្ស​របស់​ព្រះ‌យេស៊ូ​ដែរ។

58. គាត់​បាន​អញ្ជើញ​ទៅ​ជួប​លោក​ពីឡាត​សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ លោក​ពីឡាត​ក៏​បញ្ជា​ឲ្យ​គេ​ប្រគល់​ព្រះ‌សព​មក​គាត់។

59. លោក​យ៉ូសែប​យក​ព្រះ‌សព​មក​រុំ​នឹង​ក្រណាត់​ផាឌិប​ថ្មី

60. រួច​ដាក់​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​រូង​ថ្ម​ដែល​គេ​ដាប់​ធ្វើ​ផ្នូរ។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ដុំ​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចាក​ចេញ​ទៅ។

61. នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា និង​នាង​ម៉ារី​ម្នាក់​ទៀត ក៏​នៅ​ទី​នោះ​ដែរ នាង​អង្គុយ​នៅ​មុខ​ផ្នូរ។

62. នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​រៀបចំ​ថ្ងៃ​ឈប់​សម្រាក* ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត

63. ជម្រាប​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​របស់​ជន​បោក​ប្រាស់​នោះ កាល​ពី​គាត់​នៅ​រស់​ថា: “បី​ថ្ងៃ​ក្រោយ​ខ្ញុំ​ស្លាប់ ខ្ញុំ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ”។

64. ហេតុ​នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​លោ​សិស្ស​របស់​គាត់​មក​លួច​យក​សព ហើយ​ប្រាប់​ប្រជា‌ជន​ថា​គាត់​រស់​ឡើង​វិញ។ ការ​បោក​ប្រាស់​លើក​នេះ​មុខ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត»។

65. លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​មាន​ទាហាន​ស្រាប់​ហើយ សុំ​អញ្ជើញ​ទៅ​ចាត់​ចែង​ឲ្យ​គេ​យាម​ផ្នូរ តាម​អស់​លោក​យល់​ឃើញ​ទៅ​ចុះ!»។

66. ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ចាត់​ចែង​ឲ្យ​យាម​ផ្នូរ គឺ​ភ្ជិត​ផ្នូរ បោះ​ត្រា​ពី​លើ និង​ដាក់​ទាហាន​ឲ្យ​នៅ​យាម​ផង។

សូមអានជំពូកពេញលេញ ម៉ាថាយ 27