គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:38-52 Khmer Standard Version (KHSV)

38. ពេល​នោះ គេ​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។

39. មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ ប្រមាថ​មើល‌ងាយ​ព្រះ‌អង្គ គ្រវី​ក្បាល​ដាក់​ព្រះ‌អង្គ

40. ទាំង​ពោល​ថា៖ «អ្នក​រុះ​ព្រះ‌វិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។

41. រីឯ​ពួក​នាយក​បូជា‌ចារ្យ ពួក​អាចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​ក៏​នាំ​គ្នា​ចំអក​ដាក់​ព្រះ‌អង្គ​ដូច​គេ​ដែរ ដោយ​ពោល​ថា៖

42. «គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ! គាត់​ជា​ស្ដេច​អ៊ីស្រា‌អែល ឲ្យ​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​យើង​ជឿ​ផង!

43. គាត់​បាន​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ បើ​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​គាត់​មែន សូម​ឲ្យ​ព្រះ‌អង្គ​ដោះ​លែង​គាត់​ឥឡូវ​នេះ​ទៅ! ដ្បិត​គាត់​ពោល​ថា “ខ្ញុំ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់”»។

44. សូម្បី​តែ​ចោរ​ព្រៃ​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌យេស៊ូ​ក៏​ជេរ​ប្រមាថ​ព្រះ‌អង្គ​ដូច្នោះ​ដែរ។

45. ផែន‌ដី​ទាំង​មូល​ងងឹត​សូន្យ ចាប់​ពី​ពេល​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​បី​រសៀល។

46. ប្រមាណ​ជា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេលី អេលី ឡាម៉ាសា‌បាច់‌ថានី!» ដែល​មាន​ន័យ​ថា «ឱ​ព្រះ‌នៃ​ទូលបង្គំ ព្រះ‌នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ​បង់​ទូលបង្គំ​ចោល​ដូច្នេះ?»។

47. អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ក៏​ពោល​ថា៖ «គាត់​ហៅ​លោក​អេលីយ៉ា!»។

48. រំពេច​នោះ មាន​គ្នា​គេ​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​នឹង​ទឹក​ខ្មេះ រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះ‌អង្គ​សោយ។

49. ប៉ុន្តែ អ្នក​ឯ​ទៀតៗ​ពោល​ថា៖ «ចាំ​មើល​មើល៍! តើ​លោក​អេលីយ៉ា​មក​សង្គ្រោះ​គាត់​ឬ​ទេ?»។

50. ព្រះ‌យេស៊ូ​ស្រែក​យ៉ាង​ខ្លាំង​ម្ដង​ទៀត រួច​ផុត​វិញ្ញាណ​ទៅ។

51. ពេល​នោះ វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ តាំង​ពី​លើ​ដល់​ក្រោម ផែន‌ដី​ក៏​រញ្ជួយ ផ្ទាំង​ថ្ម​ក៏​ប្រេះ​ចេញ​ពី​គ្នា

52. ផ្នូរ​ក៏​របើក​ចំហ​ឡើង ហើយ​សាក‌សព​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ជា​ច្រើន​បាន​រស់​ឡើង​វិញ

សូមអានជំពូកពេញលេញ ម៉ាថាយ 27