គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:3-18 Khmer Standard Version (KHSV)

3. កាល​យូដាស​ជា​អ្នក​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ ឃើញ​គេ​កាត់​ទោស​ព្រះ‌អង្គ​ដូច្នេះ គាត់​សោក‌ស្ដាយ​ជា​ខ្លាំង ក៏​យក​ប្រាក់​សាម‌សិប​ស្លឹង​ទៅ​ប្រគល់​ឲ្យ​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​វិញ

4. ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​ខ្ញុំ​បាន​បញ្ជូន​មនុស្ស​ឥត​ទោស​ទៅ​ឲ្យ​គេ​បង្ហូរ​ឈាម»។ ពួក​គេ​ឆ្លើយ​ថា៖ «រឿង​នេះ​គ្មាន​ទាក់ទង​អ្វី​នឹង​យើង​ទេ ជា​រឿង​របស់​អ្នក​ទេ​តើ!»។

5. យូដាស​បាច​ប្រាក់​នោះ​នៅ​ក្នុង​ព្រះ‌វិហារ* ហើយ​ចេញ​ទៅ​ចង​ក​សម្លាប់​ខ្លួន។

6. ពួក​នាយក​បូជា‌ចារ្យ​រើស​ប្រាក់​នោះ ទាំង​ពោល​ថា៖ «យើង​គ្មាន​ច្បាប់​នឹង​បញ្ចូល​ប្រាក់​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ឡើយ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម»។

7. ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​ហើយ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ដី​ចម្ការ​របស់​ជាង​ស្មូន ទុក​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​ជន​បរទេស។

8. ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​ថា «ចម្ការ​ឈាម» រហូត​មក​ទល់​សព្វ​ថ្ងៃ។

9. ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ព្យាការី*​យេរេមា​ថា៖ «គេ​បាន​យក​ប្រាក់​សាម‌សិប​ស្លឹង ជា​ប្រាក់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​សន្មត​ថា ជា​ថ្លៃ​ទិញ​លោក​នោះ

10. ហើយ​គេ​បាន​យក​ប្រាក់​នោះ​ទៅ​ទិញ​ចម្ការ​របស់​ជាង​ស្មូន ដូច​ព្រះ‌អម្ចាស់​បង្គាប់​មក​ខ្ញុំ»។

11. ព្រះ‌យេស៊ូ​ឈរ​នៅ​ចំពោះ​មុខ​លោក​ទេសា​ភិបាល​លោក​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។

12. ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​ពុំ​ឆ្លើយ​អ្វី​ទាល់​តែ​សោះ។

13. លោក​ពីឡាត​សួរ​ព្រះ‌អង្គ​ថា៖ «អ្នក​មិន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»។

14. ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​មួយ​ម៉ាត់​សោះ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​លោក​ទេសា​ភិបាល​ងឿង‌ឆ្ងល់​ជា​ខ្លាំង។

15. ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង* លោក​ទេសា​ភិបាល​តែងតែ​លែង​អ្នក​ទោស​ម្នាក់ តាម​សំណូម​ពរ​របស់​បណ្ដា‌ជន។

16. នៅ​ពេល​នោះ មាន​អ្នក​ទោស​ដ៏​ល្បី​ម្នាក់ ឈ្មោះ​យេស៊ូ​បារ៉ា‌បាស។

17. កាល​បណ្ដា‌ជន​មក​ជុំ​គ្នា​ហើយ លោក​ពីឡាត​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា ដោះ​លែង​យេស៊ូ​បារ៉ា‌បាស ឬ​យេស៊ូ​ហៅ​ព្រះ‌គ្រិស្ដ?»។

18. លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​គេ​មាន​ចិត្ត​ច្រណែន។

សូមអានជំពូកពេញលេញ ម៉ាថាយ 27