គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:26-39 Khmer Standard Version (KHSV)

26. លោក​ពីឡាត​ក៏​ដោះ​លែង​បារ៉ា‌បាស រីឯ​ព្រះ‌យេស៊ូ​វិញ លោក​ឲ្យ​គេ​វាយ​នឹង​រំពាត់ រួច​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។

27. ពួក​ទាហាន​របស់​លោក​ទេសា​ភិបាល​នាំ​ព្រះ‌យេស៊ូ​ទៅ​ក្នុង​ទី‌ធ្លា​បន្ទាយ ហើយ​ប្រមូល​គ្នី‌គ្នា​ក្នុង​កង​នោះ​មក​ចោម‌រោម​ព្រះ‌អង្គ។

28. គេ​ដោះ​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ចេញ ហើយ​យក​អាវ​ធំ ដែល​មាន​ពណ៌​ក្រហម​ទុំ មក​បំពាក់​ថ្វាយ​ព្រះ‌អង្គ។

29. គេ​យក​បន្លា​មក​ក្រង​ធ្វើ​ជា​ភួង បំពាក់​លើ​ព្រះ‌សិរសា​ព្រះ‌អង្គ និង​យក​ដើម​ត្រែង​មក​ដាក់​ក្នុង​ព្រះ‌ហស្ដ​ស្ដាំ​ឲ្យ​ព្រះ‌អង្គ​កាន់ រួច​គេ​នាំ​គ្នា​លុត​ជង្គង់​នៅ​មុខ​ព្រះ‌អង្គ ទាំង​ពោល​ចំអក​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។

30. គេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ និង​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរសា​ព្រះ‌អង្គ​ទៀត​ផង។

31. ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​ព្រះ‌អង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ធំ​ចេញ យក​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​មក​បំពាក់​ថ្វាយ​ព្រះ‌អង្គ​វិញ រួច​បណ្ដើរ​នាំ​យក​ទៅ​ឆ្កាង។

32. ពេល​ចេញ​ពី​ទីក្រុង​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន គេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ។

33. លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ «គាល់‌កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល»

34. គេ​យក​ស្រា​ទំពាំង‌បាយជូរ​លាយ​ជា​មួយ​ប្រមាត់ មក​ថ្វាយ​ព្រះ‌អង្គ​សោយ។ ព្រះ‌យេស៊ូ​ក្រេប​បន្ដិច ព្រះ‌អង្គ​ពុំ​ព្រម​សោយ​ទេ។

35. ក្រោយ​ពី​ឆ្កាង​ព្រះ‌អង្គ​រួច​ហើយ ពួក​ទាហាន​យក​សម្លៀក‌បំពាក់​របស់​ព្រះ‌អង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា

36. រួច​អង្គុយ​យាម​ព្រះ‌អង្គ​នៅ​ទី​នោះ។

37. គេ​បាន​សរសេរ​ប្រកាស​អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះ‌អង្គ​ថា «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​ស្ដេច​ជន‌ជាតិ​យូដា» ហើយ​គេ​បោះ​ប្រកាស​នោះ នៅ​ពី​ខាង​លើ​ព្រះ‌សិរសា​ព្រះ‌អង្គ។

38. ពេល​នោះ គេ​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។

39. មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ ប្រមាថ​មើល‌ងាយ​ព្រះ‌អង្គ គ្រវី​ក្បាល​ដាក់​ព្រះ‌អង្គ

សូមអានជំពូកពេញលេញ ម៉ាថាយ 27