គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:59-70 Khmer Standard Version (KHSV)

59. ពួក​នាយក​បូជា‌ចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់ មួល​បង្កាច់​ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌អង្គ

60. ទោះ​បី​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​សាក្សី​ក្លែង‌ក្លាយ​ក៏​ដោយ ក៏​គេ​រក​មិន​បាន​ដែរ។ នៅ​ទី​បំផុត មាន​បុរស​ពីរ​នាក់​នាំ​គ្នា​ចូល​មក

61. ពោល​ថា៖ «អ្នក​នេះ​បាន​អះ‌អាង​ថា “ខ្ញុំ​អាច​រុះ​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​ចោល ហើយ​សង់​ឡើង​វិញ​បាន​ក្នុង​រវាង​បី​ថ្ងៃ”»។

62. ពេល​នោះ លោក​មហា​បូជា‌ចារ្យ​ក្រោក​ឈរ​ឡើង សួរ​ព្រះ‌អង្គ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​អ្នក​ទាំង​នេះ?»។

63. ព្រះ‌យេស៊ូ​នៅ​ស្ងៀម។ លោក​មហា​បូជា‌ចារ្យ​សួរ​ព្រះ‌អង្គ​ទៀត​ថា៖ «ចូរ​ស្បថ​ដោយ​យក​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ធ្វើ​ជា​ប្រធាន តើ​អ្នក​ពិត​ជា​ព្រះ‌គ្រិស្ដ* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន​ឬ?»។

64. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​មែន ប៉ុន្តែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស*​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ហើយ​នឹង​យាង​មក​លើ​ពពក*​ក្នុង​ផ្ទៃ​មេឃ»។

65. ពេល​នោះ លោក​មហា​បូជា‌ចារ្យ​ហែក​អាវ​របស់​លោក ហើយ​មាន​ប្រសាសន៍​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​ហើយ! យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ អស់​លោក​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​អំបាញ់​មិញ​ស្រាប់!

66. តើ​អស់​លោក​យល់​យ៉ាង​ណា?»។ ពួក​គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ត្រូវ​មាន​ទោស​ដល់​ជីវិត!»។

67. គេ​ក៏​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ គេ​វាយ​តប់​ព្រះ‌អង្គ ហើយ​អ្នក​ខ្លះ​ទះ​កំផ្លៀង​ព្រះ‌អង្គ

68. ទាំង​ពោល​ថា៖ «ទាយ​មើល៍ ព្រះ‌គ្រិស្ដ​អើយ អ្នក​ណា​វាយ​ឯង!»។

69. ពេល​នោះ លោក​ពេត្រុស​អង្គុយ​នៅ​ខាង​ក្រៅ​ក្នុង​ទីធ្លា។ មាន​ស្ត្រី​បម្រើ​របស់​មហា​បូជា‌ចារ្យ*​ម្នាក់​ចូល​មក​ជិត​គាត់ ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ស្រុក​កាលី‌ឡេ​ដែរ!»។

70. ប៉ុន្តែ គាត់​ប្រកែក​ថា៖ «ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ!»។

សូមអានជំពូកពេញលេញ ម៉ាថាយ 26