គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:2-15 Khmer Standard Version (KHSV)

2. «អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត ដល់​បុណ្យ​ចម្លង* គេ​នឹង​ចាប់​បុត្រ​មនុស្ស*​បញ្ជូន​ទៅ​ឆ្កាង»។

3. ពេល​នោះ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជា‌ជន ជួប‌ជុំ​គ្នា​នៅ​ក្នុង​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ ឈ្មោះ​កៃផាស

4. ហើយ​បាន​សម្រេច​ចិត្ត​ជា​មួយ​គ្នា រក​កល‌ល្បិច​ចាប់​ព្រះ‌យេស៊ូ​យក​ទៅ​ធ្វើ​គុត។

5. ប៉ុន្តែ គេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​ឡើយ ក្រែង​កើត​ចលាចល​ក្នុង​ចំណោម​ប្រជា‌ជន»។

6. ព្រះ‌យេស៊ូ​គង់​នៅ​ភូមិ​បេថានី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់។

7. មាន​ស្ត្រី​ម្នាក់​ចូល​មក​រក​ព្រះ‌អង្គ ទាំង​កាន់​ដប​ថ្ម​កែវ​ផង។ នៅ​ក្នុង​ដប​នោះ​មាន​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​លើស‌លប់។ ពេល​ព្រះ‌យេស៊ូ​កំពុង​សោយ​ព្រះ‌ស្ងោយ នាង​យក​ប្រេង​ក្រអូប​នោះ​ចាក់​លើ​ព្រះ‌សិរសា​ព្រះ‌អង្គ។

8. ពួក​សិស្ស*​ឃើញ​ដូច្នេះ​ទាស់​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ម្ដេច​ក៏​ខ្ជះ‌ខ្ជាយ​អ៊ីចឹង!

9. បើ​យក​ប្រេង​ក្រអូប​នេះ​ទៅ​លក់​មុខ​ជា​បាន​ប្រាក់​ច្រើន សម្រាប់​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ!»។

10. ព្រះ‌យេស៊ូ​ជ្រាប​គំនិត​របស់​គេ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង​ដូច្នេះ! នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។

11. អ្នក​រាល់​គ្នា​មាន​ជន​ក្រីក្រ​នៅ​ជា​មួយ​រហូត រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។

12. នាង​បាន​ចាក់​ប្រេង​លាប​រូប​កាយ​ខ្ញុំ​ដូច្នេះ ដើម្បី​ធ្វើ​ពិធី​បញ្ចុះ​សព​ខ្ញុំ​ទុក​ជា​មុន។

13. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល កាល​ណា​គេ​ប្រកាស​ដំណឹង‌ល្អ*​នេះ គេ​ក៏​នឹង​តំណាល​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំឭក​អំពី​នាង»។

14. ពេល​នោះ សិស្ស*​ម្នាក់​ក្នុង​ក្រុម​សិស្ស​ទាំង​ដប់‌ពីរ​ឈ្មោះ យូដាស​អ៊ីស្កា‌រីយ៉ុត បាន​ទៅ​ជួប​ក្រុម​នាយក​បូជា‌ចារ្យ*

15. ជម្រាប​ថា៖ «បើ​ខ្ញុំ​ប្រគល់​លោក​យេស៊ូ​ជូន​អស់​លោក តើ​អស់​លោក​ឲ្យ​អ្វី​ខ្ញុំ?»។ ពួក​នាយក​បូជា‌ចារ្យ​ក៏​រាប់​ប្រាក់​ឲ្យ​គាត់​សាម‌សិប​ស្លឹង។

សូមអានជំពូកពេញលេញ ម៉ាថាយ 26