គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:19-30 Khmer Standard Version (KHSV)

19. សិស្ស​នាំ​គ្នា​ធ្វើ​តាម​ដូច​ព្រះ‌យេស៊ូ​បង្គាប់ ហើយ​រៀបចំ​ម្ហូប​អាហារ សម្រាប់​បុណ្យ​ចម្លង។

20. លុះ​ដល់​ល្ងាច ព្រះ‌អង្គ​រួម​តុ​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​រូប។

21. នៅ​ពេល​បរិភោគ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។

22. ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃ‌លែង ម្នាក់ៗ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ទូលបង្គំ​ឬ?»។

23. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «អ្នក​ណា​ជ្រលក់​នំប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ គឺ​អ្នក​នោះ​ហើយ​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ។

24. បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ ទើប​ប្រសើរ​ជាង!»។

25. យូដាស​ជា​អ្នក​ក្បត់​ព្រះ‌អង្គ ទូល​សួរ​ថា៖ «ព្រះ‌គ្រូ! តើ​ខ្ញុំ​ឬ?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។

26. នៅ​ពេល​កំពុង​បរិភោគ ព្រះ‌យេស៊ូ​យក​នំប៉័ង​មក​កាន់ ព្រះ‌អង្គ​សរ‌សើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស* ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ សុំ​យក​ពិសា​ចុះ»។

27. បន្ទាប់​មក ព្រះ‌អង្គ​យក​ពែង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​យក​ពិសា​ទាំង​អស់​គ្នា​ចុះ

28. នេះ​ជា​លោហិត​របស់​ខ្ញុំ គឺ​លោហិត​នៃ​សម្ពន្ធ‌មេត្រី*​ដែល​ត្រូវ​បង្ហូរ ដើម្បី​លើក‌លែង​ទោស​មនុស្ស​ទាំង​អស់​ឲ្យ​រួច​ពី​បាប។

29. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អំណើះ​ត​ទៅ ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង‌បាយជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ជា​មួយ​អ្នក​រាល់​គ្នា នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ព្រះ‌បិតា​ខ្ញុំ»។

30. ក្រោយ​ពី​បាន​ច្រៀង​ទំនុក‌តម្កើង*​រួច​ហើយ ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ​ជា​មួយ​ពួក​សិស្ស។

សូមអានជំពូកពេញលេញ ម៉ាថាយ 26