គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 24:30-46 Khmer Standard Version (KHSV)

30. ពេល​នោះ ទី​សម្គាល់​របស់​បុត្រ​មនុស្ស*​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក។ កុល‌សម្ព័ន្ធ*​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​នឹង​នាំ​គ្នា​យំ​គក់​ទ្រូង គេ​នឹង​ឃើញបុត្រ​មនុស្ស​យាង​មក​លើ​ពពក*​ក្នុង​ផ្ទៃ​មេឃ ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​សិរី‌រុងរឿង​ដ៏​អស្ចារ្យ។

31. ពេល​នោះ មាន​សំឡេង​ត្រែ​លាន់​ឮ​រំពង​ឡើង លោក​ក៏​ចាត់​ពួក​ទេវតា*​របស់​លោក​ឲ្យ​ទៅ​ទិស​ទាំង​បួន ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង»។

32. «ចូរ​អ្នក​រាល់​គ្នា​យក​ប្រស្នា*​ស្ដី​អំពី​ដើម​ឧទុម្ពរ*​ទៅ​រិះគិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំងជិត​មក​ដល់​ហើយ។

33. ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិ‌ការណ៍​ទាំង​អស់​នោះ​កើត​ឡើង ត្រូវ​ដឹង​ថា បុត្រ​មនុស្ស​ក៏​ជិត​មក​ដល់​ហើយ​ដែរ គឺ​លោក​មក​ជិត​បង្កើយ​ហើយ។

34. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​ឡើង ក្នុង​ពេល​ដែល​មនុស្ស​ជំនាន់​នេះ មាន​ជីវិត​នៅ​ឡើយ។

35. ផ្ទៃ​មេឃ និង​ផែន‌ដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។

36. «រីឯ​ថ្ងៃ​កំណត់ និង​ពេល​វេលា គ្មាន​នរណា​ដឹង​ឡើយ ទោះ​បី​ទេវតា*​នៅ​ស្ថាន​បរម‌សុខ* ឬ​ព្រះ‌បុត្រា​ក៏​ពុំ​ជ្រាប​ដែរ មាន​តែ​ព្រះ‌បិតា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជ្រាប។

37. នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​សម័យ​លោក​ណូអេ​ដែរ

38. គឺ​មុន​ពេល​ទឹក​ជំនន់​ធំ មនុស្ស‌ម្នា​តែងតែ​នាំ​គ្នា​ស៊ី​ផឹក រៀប‌ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ។

39. គេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ ទាល់​តែ​ទឹក​ជំនន់​ឡើង​មក​ដល់​បំផ្លាញ​គេ​អស់​ទៅ។ នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​កើត​មាន​ដូច្នោះ​ដែរ។

40. បើ​មាន​មនុស្ស​ពីរ​នាក់​ធ្វើ​ការ​ក្នុង​ចម្ការ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​នឹង​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។

41. បើ​មាន​ស្ត្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​នឹង​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។

42. ដូច្នេះ ចូរ​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ព្រះ‌អម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​មក​ដល់​នៅ​ពេល​ណា​ឡើយ។

43. អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​មុខ​ជា​ប្រុង​ស្មារតី​ពុំ‌ខាន មិន​បណ្ដោយ​ឲ្យ​ចោរ​ចូល​មក​ប្លន់​ផ្ទះ​គាត់​បាន​ឡើយ។

44. ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជា‌និច្ច ដ្បិត​បុត្រ​មនុស្ស​នឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។

45. «បើ​អ្នក​បម្រើ​ណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​អ្នក​បម្រើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ពុំ‌ខាន។

46. ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើ​កំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច្នេះ អ្នក​បម្រើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល​ហើយ។

សូមអានជំពូកពេញលេញ ម៉ាថាយ 24