គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 24:21-31 Khmer Standard Version (KHSV)

21. ដ្បិត​ពេល​នោះ ជា​ពេល​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ។

22. ប្រសិន​បើ​ព្រះ‌ជាម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណា​បាន​រួច​ជីវិត​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ ដោយ​យោគ‌យល់​ដល់​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស។

23. ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌គ្រិស្ដ*​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​ជឿ​គេ​ឡើយ

24. ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះ‌គ្រិស្ដ ព្រម​ទាំង​មាន​ព្យាការី*​ក្លែង‌ក្លាយ នាំ​គ្នា​សម្តែង​ទី​សម្គាល់​ធំ​អស្ចារ្យ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស រហូត​ដល់​ទៅ​នាំ​ពួក​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។

25. ខ្ញុំ​និយាយ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន​ឲ្យ​ហើយ។

26. បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អង្គ​នៅ​វាល​រហោ‌ស្ថាន​ឯ‌ណោះ!” កុំ​ចេញ​ទៅ​តាម​គេ​ឡើយ ឬ​មួយ​បើ​គេ​ថា “ព្រះ‌អង្គ​នៅ​ក្នុង​បន្ទប់​ឯ‌ណេះ!” ក៏​កុំ​ជឿ​ពាក្យ​គេ​ដែរ

27. ដ្បិត​បុត្រ​មនុស្ស*​នឹង​យាង​មក​ប្រៀប​បី​ដូច​ជា​ផ្លេក​បន្ទោរ​ភ្លឺ‌ឆ្វាច ឆូត​កាត់​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច។

28. សាក‌សព​នៅ​ទី​ណា ត្មាត​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ដែរ»។

29. «លុះ​គ្រា​មាន​ទុក្ខ​វេទនា​នេះ​កន្លង​ផុត​ទៅ ភ្លាម​នោះ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ។ រីឯ​ផ្កាយ​ទាំង‌ឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ អំណាច​នានា​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក។

30. ពេល​នោះ ទី​សម្គាល់​របស់​បុត្រ​មនុស្ស*​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក។ កុល‌សម្ព័ន្ធ*​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​នឹង​នាំ​គ្នា​យំ​គក់​ទ្រូង គេ​នឹង​ឃើញបុត្រ​មនុស្ស​យាង​មក​លើ​ពពក*​ក្នុង​ផ្ទៃ​មេឃ ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​សិរី‌រុងរឿង​ដ៏​អស្ចារ្យ។

31. ពេល​នោះ មាន​សំឡេង​ត្រែ​លាន់​ឮ​រំពង​ឡើង លោក​ក៏​ចាត់​ពួក​ទេវតា*​របស់​លោក​ឲ្យ​ទៅ​ទិស​ទាំង​បួន ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង»។

សូមអានជំពូកពេញលេញ ម៉ាថាយ 24