គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 24:2-12 Khmer Standard Version (KHSV)

2. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់​លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ!»។

3. កាល​ព្រះ‌យេស៊ូ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស*​នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះ‌អង្គ​ដាច់​ឡែក​ពី​គេ ហើយ​ទូល​ថា៖ «សូម​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ដល់​ពេល​ព្រះ‌អង្គ​យាង​មក និង​ដល់​អវសាន​កាល​នៃ​ពិភព​លោក?»។

4. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ

5. ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រើ ដោយ​ពោល​ថា: “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ដ*”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។

6. អ្នក​រាល់​គ្នា​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម និង​ឮ​ដំណឹង​ថា មាន​សង្គ្រាម​ផ្ទុះ​ឡើង​ហើយ។ កុំ​ជ្រួល‌ច្របល់​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង តែ​មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព​លោក​នៅ​ឡើយ​ទេ។

7. ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត។ នៅ​តាម​តំបន់​ផ្សេងៗ​នឹង​មាន​កើត​ទុរ្ភិក្ស និង​រញ្ជួយ​ផែន‌ដី។

8. ប៉ុន្តែ ហេតុ‌ការណ៍​ទាំង​នេះ​ប្រៀប​បាន​ទៅ​នឹង​ការ​ឈឺ​ចាប់​ដើម​ដំបូង​របស់​ស្ត្រី ដែល​ហៀប​នឹង​សម្រាល​កូន។

9. គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ទុក្ខ​ទោស ព្រម​ទាំង​ឲ្យ​គេ​សម្លាប់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ ជាតិ​សាសន៍​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។

10. នៅ​ពេល​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​បែក​ចិត្ត​ឃ្លាត​ចេញ​ពី​ជំនឿ ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្អប់​គ្នា​ផង។

11. ព្យាការី*​ក្លែង‌ក្លាយ​ជា​ច្រើន​នឹង​មក​ដល់ ហើយ​បញ្ឆោត​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។

12. អំពើ​ទុច្ចរិត​នឹង​រីក​ចម្រើន​ឡើង​ជា​ខ្លាំង បណ្ដាល​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​មួយ​ចំនួន​ធំ ត្រូវ​ធ្លាក់​ចុះ​អន់‌ថយ។

សូមអានជំពូកពេញលេញ ម៉ាថាយ 24