គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 23:28-39 Khmer Standard Version (KHSV)

28. អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​សម្តែង​ឫក‌ពារ​ខាង​ក្រៅ​ឲ្យ​មនុស្ស‌ម្នា​ឃើញ​ថា អ្នក​រាល់​គ្នា​សុចរិត តែ​ចិត្ត​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ដោយ​គំនិត​លាក់​ពុត និង​គំនិត​ទុច្ចរិត​ទៅ​វិញ។

29. ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ពួក​ព្យាការី ព្រម​ទាំង​តុប‌តែង​ផ្នូរ​របស់​មនុស្ស​សុចរិត

30. ដោយ​ពោល​ថា: “ប្រសិន​បើ​យើង​បាន​រស់​នៅ​ជំនាន់​បុព្វ​បុរស* នោះ​យើង​មុខ​ជា​មិន​សម​គំនិត​ជា​មួយ​គេ ក្នុង​ការ​សម្លាប់​ពួក​ព្យាការី​ឡើយ”។

31. អ្នក​រាល់​គ្នា​ពោល​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​រាល់​គ្នា​ចោទ​ខ្លួន​ឯង ថា​ជា​ពូជ‌ពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ព្យាការី។

32. ដូច្នេះ ចូរ​បន្ដ​កិច្ចការ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា​ឲ្យ​បាន​សម្រេច​ទៅ!

33. នែ៎ ពួក​ពស់​ពូជ​ពស់​វែក​អើយ! ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​គេច​ផុត​ពី​ទោស​ធ្លាក់​នរក​បាន?

34. ហេតុ​នេះ ខ្ញុំ​ចាត់​ព្យាការី អ្នក​ប្រាជ្ញ និង​អាចារ្យ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​នឹង​សម្លាប់​ពួក​គេ​ខ្លះ ឆ្កាង​ខ្លះ និង​វាយ​ធ្វើ​បាប​ខ្លះ​ក្នុង​សាលា​ប្រជុំ* ព្រម​ទាំង​តាម​បៀត‌បៀន​គេ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ផង។

35. ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្ហូរ​ឈាម​ជន​សុចរិត ចាប់​ពី​លោក​អេបិល​ជា​មនុស្ស​សុចរិត​រហូត​ដល់​លោក​សាការី ជា​បុត្រ​របស់​លោក​បារ៉ា‌គា ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់ នៅ​ត្រង់​ចន្លោះ​ទី‌សក្ការៈ* និង​អាសនៈ*។

36. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា ទោស​ទាំង​នោះ​នឹង​ត្រូវ​ធ្លាក់​មក​លើ​មនុស្ស​ជំនាន់​នេះ​ជា​មិន​ខាន។

37. «អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ព្យាការី* និង​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។

38. ហេតុ​នេះ ផ្ទះ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​បោះ​បង់​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ។

39. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពី​ពេល​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ពោល​ថា: “សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះ‌អង្គ ដែល​យាង​មក​ក្នុង​នាម​ព្រះ‌អម្ចាស់!” »។

សូមអានជំពូកពេញលេញ ម៉ាថាយ 23