គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 23:13-22 Khmer Standard Version (KHSV)

13. នែ៎! ពួក​អាចារ្យ* និង​ពួក​ផារីស៊ី*​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បិទ​ទ្វារ​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រារាំង​អ្នក​ដែល​ចង់​ចូល​មិន​ឲ្យ​គេ​ចូល​ទៀត​ផង។

14. [ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ឆ‌បោក​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​មេម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​មិន​ខាន]។

15. ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​តាម​ផ្លូវ​គោក ស្វែង​រក​បញ្ចុះ‌បញ្ចូល​គេ ឲ្យ​ចូល​សាសនា​របស់​អ្នក​រាល់​គ្នា យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មនុស្ស​ម្នាក់​ដែរ។ លុះ​គេ​ចូល​សាសនា​ហើយ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​គេ​រឹត​តែ​អាក្រក់​ជួ‌ជាតិជាង​អ្នក​រាល់​គ្នា​មួយ​ទ្វេ​ជា​ពីរ។

16. ពួក​អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា “បើ​អ្នក​ណា​ស្បថ​ដោយ​យក​ព្រះ‌វិហារ*​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ស្បថ​ដោយ​យក​មាស​របស់​ព្រះ‌វិហារ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន”។

17. មនុស្ស​លេ‌លា កង្វាក់​អើយ! មាស និង​ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​ទៅ​ជា​វត្ថុ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង?

18. អ្នក​រាល់​គ្នា​និយាយ​ទៀត​ថា “អ្នក​ណា​ស្បថ​ដោយ​យក​អាសនៈ​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ស្បថ​ដោយ​យក​តង្វាយ​លើ​អាសនៈ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន”។

19. មនុស្ស​កង្វាក់​អើយ! តង្វាយ​ដែល​គេ​ថ្វាយ​លើ​អាសនៈ និង​អាសនៈ​ដែល​ធ្វើ​ឲ្យ​តង្វាយ​ទៅ​ជា​តង្វាយ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង?

20. ដូច្នេះ អ្នក​ណា​ស្បថ​ដោយ​យក​អាសនៈ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​អាសនៈ មាន​ទាំង​អ្វីៗ​នៅ​លើ​អាសនៈ​ជា​សាក្សី​មែន។

21. អ្នក​ណា​ស្បថ​ដោយ​យក​ព្រះ‌វិហារ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​ព្រះ‌វិហារ មាន​ទាំង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះ‌វិហារ​ជា​សាក្សី​ដែរ។

22. អ្នក​ណា​ស្បថ​ដោយ​យក​ស្ថាន​បរម‌សុខ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ មាន​ទាំង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ជា​សាក្សី។

សូមអានជំពូកពេញលេញ ម៉ាថាយ 23