គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 21:25-39 Khmer Standard Version (KHSV)

25. តើ​នរណា​ចាត់​លោក​យ៉ូហាន​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*? ព្រះ‌ជាម្ចាស់ ឬ​មនុស្ស?»។ គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា “ព្រះ‌ជាម្ចាស់​ចាត់​លោក​យ៉ូហាន​ឲ្យ​មក” គាត់​មុខ​ជា​សួរ​យើង​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន”

26. បើ​យើង​ឆ្លើយ​ថា “មនុស្ស​ចាត់​លោក​យ៉ូហាន​ឲ្យ​មក” នោះ​យើង​ខ្លាច​ប្រជា‌ជន​រក​រឿង ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​ចាត់​ទុក​លោក​យ៉ូហាន​ជា​ព្យាការី*»។

27. ដូច្នេះ គេ​ទូល​ឆ្លើយ​ព្រះ‌យេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​វិញ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។

28. «អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា​ដែរ ប្រសិន​បើ​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ ហើយ​គាត់​និយាយ​ទៅ​កាន់​កូន​ច្បង​ថា “កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ពុក​ទៅ!”។

29. កូន​តប​មក​វិញ​ថា “ខ្ញុំ​មិន​ចង់​ទៅ​ទេ!” ប៉ុន្តែ ក្រោយ​មក កូន​នោះ​ដូរ​គំនិត ហើយ​ក៏​ទៅ​ចម្ការ។

30. បន្ទាប់​មក ឪពុក​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​កូន​ពៅ កូន​ពៅ​ឆ្លើយ​ថា: “បាទ កូន​ទៅ!” តែ​អត់​ទៅ​ទេ។

31. ក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់ តើ​កូន​ណា​បាន​ធ្វើ​តាម​បំណង​ឪពុក?»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «កូន​ច្បង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​អ្នក​ទារ​ពន្ធ* និង​ពួក​ស្ត្រី​ពេស្យា នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ មុន​អ្នក​រាល់​គ្នា

32. ដ្បិត​លោក​យ៉ូហាន​បាន​មក​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​មាគ៌ា​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ជឿ​លោក​ទេ។ ពួក​អ្នក​ទារ​ពន្ធ និង​ស្ត្រី​ពេស្យា​បាន​ជឿ​លោក រីឯ​អ្នក​រាល់​គ្នា​វិញ ទោះ​បី​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នោះ​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មិន​បាន​ដូរ​ចិត្ត​គំនិត ហើយ​ជឿ​លោក​ដែរ»។

33. «សុំ​ស្ដាប់​ប្រស្នា​មួយ​ទៀតៈ មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ គាត់​បាន​ដាំ​ទំពាំង‌បាយជូរ ហើយ​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀបចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។

34. លុះ​ដល់​រដូវ​ទំពាំង‌បាយជូរ​ទុំ គាត់​ក៏​ចាត់​ពួក​អ្នក​បម្រើ​ឲ្យ​មក​ជួប​អ្នក​ថែ​ចម្ការ​ទាំង​នោះ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់។

35. ពួក​កសិករ​នាំ​គ្នា​ចាប់​ពួក​អ្នក​បម្រើ​មក​វាយ‌ដំ​ម្នាក់ ប្រហារ​ជីវិត​ម្នាក់ និង​យក​ដុំ​ថ្ម​គប់​សម្លាប់​ម្នាក់​ទៀត។

36. ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នក​បម្រើ​ផ្សេង​ទៀត ដែល​មាន​គ្នា​ច្រើន​ជាង​មុន​ឲ្យ​មក។ ប៉ុន្តែ ពួក​អ្នក​ថែ​ចម្ការ​បាន​ធ្វើ​បាប​អ្នក​បម្រើ​ទាំង​នោះ​ដូច​ពួក​មុនៗ​ដែរ។

37. នៅ​ទី​បំផុត ម្ចាស់​ចម្ការ​ចាត់​កូន​ប្រុស​របស់​គាត់ ឲ្យ​មក​ជួប​គេ​ដោយ​គិត​ថា “គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​ខ្ញុំ​មិន​ខាន”។

38. ប៉ុន្តែ ពេល​ពួក​កសិករ​ឃើញ​កូន​ប្រុស​ម្ចាស់​ចម្ការ​មក​ដល់ គេ​ពិគ្រោះ​គ្នា​ថា: “អ្នក​នេះ​ជា​អ្នក​ទទួល​កេរ‌មត៌ក​ពី​ម្ចាស់​ចម្ការ​ទៅ​ថ្ងៃ​ក្រោយ បើ​យើង​នាំ​គ្នា​សម្លាប់​វា មត៌ក​នេះ​នឹង​ត្រូវ​បាន​មក​យើង​មិន​ខាន”។

39. គេ​ក៏​ចាប់​កូន​ប្រុស​ម្ចាស់​ចម្ការ​បោះ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​ចោល​ទៅ។

សូមអានជំពូកពេញលេញ ម៉ាថាយ 21