19. ព្រះអង្គទតឃើញឧទុម្ពរមួយដើមនៅតាមផ្លូវ ទ្រង់យាងចូលទៅជិត មិនឃើញមានផ្លែសោះ មានសុទ្ធតែស្លឹក។ ទ្រង់មានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ កុំឲ្យឯងមានផ្លែសោះឡើយ!»។ ពេលនោះ ស្រាប់តែដើមឧទុម្ពរក្រៀមស្វិតមួយរំពេច។
20. ឃើញដូច្នោះ ពួកសិស្ស*ងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «ហេតុដូចម្ដេចបានជាដើមឧទុម្ពរក្រៀមស្វិតមួយរំពេចដូច្នេះ?»។
21. ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមានជំនឿឥតសង្ស័យសោះ អ្នករាល់គ្នាមិនត្រឹមតែអាចធ្វើឲ្យដើមឧទុម្ពរនេះក្រៀមស្វិតប៉ុណ្ណោះទេ គឺបើអ្នករាល់គ្នាពោលទៅកាន់ភ្នំនេះថា: “ចូរចេញពីទីនេះ ធ្លាក់ក្នុងសមុទ្រទៅ!” នោះនឹងសម្រេចដូច្នោះជាមិនខាន។
22. អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋាន*សុំទាំងមានជំនឿ អ្នករាល់គ្នាមុខជាបានទទួលមែន»។
23. ព្រះយេស៊ូយាងចូលក្នុងព្រះវិហារ* ហើយនៅពេលព្រះអង្គកំពុងតែបង្រៀនគេ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន នាំគ្នាចូលមកសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឲ្យលោក?»។
24. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំក៏សុំសួរសំណួរតែមួយដល់អស់លោកដែរ បើអស់លោកប្រាប់ខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។
25. តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន”
26. បើយើងឆ្លើយថា “មនុស្សចាត់លោកយ៉ូហានឲ្យមក” នោះយើងខ្លាចប្រជាជនរករឿង ដ្បិតមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការី*»។