19. ព្រះអង្គទតឃើញឧទុម្ពរមួយដើមនៅតាមផ្លូវ ទ្រង់យាងចូលទៅជិត មិនឃើញមានផ្លែសោះ មានសុទ្ធតែស្លឹក។ ទ្រង់មានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ កុំឲ្យឯងមានផ្លែសោះឡើយ!»។ ពេលនោះ ស្រាប់តែដើមឧទុម្ពរក្រៀមស្វិតមួយរំពេច។
20. ឃើញដូច្នោះ ពួកសិស្ស*ងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «ហេតុដូចម្ដេចបានជាដើមឧទុម្ពរក្រៀមស្វិតមួយរំពេចដូច្នេះ?»។
21. ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមានជំនឿឥតសង្ស័យសោះ អ្នករាល់គ្នាមិនត្រឹមតែអាចធ្វើឲ្យដើមឧទុម្ពរនេះក្រៀមស្វិតប៉ុណ្ណោះទេ គឺបើអ្នករាល់គ្នាពោលទៅកាន់ភ្នំនេះថា: “ចូរចេញពីទីនេះ ធ្លាក់ក្នុងសមុទ្រទៅ!” នោះនឹងសម្រេចដូច្នោះជាមិនខាន។
22. អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋាន*សុំទាំងមានជំនឿ អ្នករាល់គ្នាមុខជាបានទទួលមែន»។
23. ព្រះយេស៊ូយាងចូលក្នុងព្រះវិហារ* ហើយនៅពេលព្រះអង្គកំពុងតែបង្រៀនគេ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន នាំគ្នាចូលមកសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឲ្យលោក?»។