គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 21:15-29 Khmer Standard Version (KHSV)

15. កាល​ក្រុម​នាយក​បូជា‌ចារ្យ* និង​អាចារ្យ*​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ និង​ឮ​ក្មេងៗ​ស្រែក​នៅ​ក្នុង​ព្រះ‌វិហារ​ថា «ជយោ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ!» គេ​ទាស់​ចិត្ត​ណាស់

16. គេ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​ឮ​ក្មេងៗ​ស្រែក​ថា​ដូច​ម្ដេច​ទេ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «ខ្ញុំ​ឮ​ហើយ! ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពាក្យ​សរ‌សើរ​តម្កើង ហូរ​ចេញ​ពី​បបូរ​មាត់​ក្មេង​តូចៗ និង​ទារក​ដែល​នៅ​បៅ” តើ​អស់​លោក​មិន​ដែល​អាន​ទេ​ឬ?»។

17. ព្រះ‌អង្គ​ទុក​គេ​ចោល ទ្រង់​យាង​ចេញ​ពី​ទីក្រុង​ឆ្ពោះ​ទៅ​ភូមិ​បេថានី ហើយ​ស្នាក់​នៅ​ទី​នោះ។

18. ព្រលឹម​ឡើង ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ទីក្រុង​វិញ ពេល​នោះ ព្រះ‌អង្គ​ឃ្លាន។

19. ព្រះ‌អង្គ​ទត​ឃើញ​ឧទុម្ពរ​មួយ​ដើម​នៅ​តាម​ផ្លូវ ទ្រង់​យាង​ចូល​ទៅ​ជិត មិន​ឃើញ​មាន​ផ្លែ​សោះ មាន​សុទ្ធ​តែ​ស្លឹក។ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ កុំ​ឲ្យ​ឯង​មាន​ផ្លែ​សោះ​ឡើយ!»។ ពេល​នោះ ស្រាប់​តែ​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​មួយ​រំពេច។

20. ឃើញ​ដូច្នោះ ពួក​សិស្ស*​ងឿង‌ឆ្ងល់​ជា​ខ្លាំង គេ​ពោល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​មួយ​រំពេច​ដូច្នេះ?»។

21. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ឥត​សង្ស័យ​សោះ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​ដើម​ឧទុម្ពរ​នេះ​ក្រៀម​ស្វិត​ប៉ុណ្ណោះ​ទេ គឺ​បើ​អ្នក​រាល់​គ្នា​ពោល​ទៅ​កាន់​ភ្នំ​នេះ​ថា: “ចូរ​ចេញ​ពី​ទី​នេះ ធ្លាក់​ក្នុង​សមុទ្រ​ទៅ!” នោះ​នឹង​សម្រេច​ដូច្នោះ​ជា​មិន​ខាន។

22. អ្វី​ក៏​ដោយ​ឲ្យ​តែ​អ្នក​រាល់​គ្នា​អធិស្ឋាន*​សុំ​ទាំង​មាន​ជំនឿ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ទទួល​មែន»។

23. ព្រះ‌យេស៊ូ​យាង​ចូល​ក្នុង​ព្រះ‌វិហារ* ហើយ​នៅ​ពេល​ព្រះ‌អង្គ​កំពុង​តែ​បង្រៀន​គេ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជា‌ជន នាំ​គ្នា​ចូល​មក​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? អ្នក​ណា​ប្រគល់​អំណាច​នេះ​ឲ្យ​លោក?»។

24. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​ក៏​សុំ​សួរ​សំណួរ​តែ​មួយ​ដល់​អស់​លោក​ដែរ បើ​អស់​លោក​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ប្រាប់​អស់​លោក​វិញ​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះដោយ​អាង​លើ​អំណាច​អ្វី។

25. តើ​នរណា​ចាត់​លោក​យ៉ូហាន​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*? ព្រះ‌ជាម្ចាស់ ឬ​មនុស្ស?»។ គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា “ព្រះ‌ជាម្ចាស់​ចាត់​លោក​យ៉ូហាន​ឲ្យ​មក” គាត់​មុខ​ជា​សួរ​យើង​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន”

26. បើ​យើង​ឆ្លើយ​ថា “មនុស្ស​ចាត់​លោក​យ៉ូហាន​ឲ្យ​មក” នោះ​យើង​ខ្លាច​ប្រជា‌ជន​រក​រឿង ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​ចាត់​ទុក​លោក​យ៉ូហាន​ជា​ព្យាការី*»។

27. ដូច្នេះ គេ​ទូល​ឆ្លើយ​ព្រះ‌យេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​វិញ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។

28. «អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា​ដែរ ប្រសិន​បើ​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ ហើយ​គាត់​និយាយ​ទៅ​កាន់​កូន​ច្បង​ថា “កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ពុក​ទៅ!”។

29. កូន​តប​មក​វិញ​ថា “ខ្ញុំ​មិន​ចង់​ទៅ​ទេ!” ប៉ុន្តែ ក្រោយ​មក កូន​នោះ​ដូរ​គំនិត ហើយ​ក៏​ទៅ​ចម្ការ។

សូមអានជំពូកពេញលេញ ម៉ាថាយ 21