គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 21:1-10 Khmer Standard Version (KHSV)

1. ព្រះ‌យេស៊ូ​យាង​មក​ជា​មួយ​ពួក​សិស្ស* ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ។ កាល​មក​ដល់​ភូមិ​បេតផា‌សេ ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះ‌អង្គ​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​មុន

2. ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ដែល​នៅ​មុខ​អ្នក​រាល់​គ្នា។ ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​មេ​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ហើយ​មាន​កូន​វា​នៅ​ជា​មួយ​ដែរ។ ចូរ​ស្រាយ​វា​ដឹក​មក​ឲ្យ​ខ្ញុំ។

3. ប្រសិន​បើ​មាន​នរណា​សួរ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​ព្រះ‌អង្គ​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន»។

4. ព្រឹត្តិ‌ការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​ថា៖

5. «ចូរ​ប្រាប់​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​ថា: មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក យាង​មក​រក​អ្នក​ហើយ។ ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្លូត​បូត ទ្រង់​គង់​លើ​ខ្នង​លា ហើយ​គង់​លើ​ខ្នង​កូន​លា​ផង​ដែរ» ។

6. សិស្ស​ទាំង​ពីរ​នាំ​គ្នា​ចេញ​ទៅ ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌យេស៊ូ

7. ដឹក​មេ​លា និង​កូន​វា​មក។ គេ​យក​អាវ​ក្រាល​ពី​លើ​ខ្នង​លា និង​លើ​ខ្នង​កូន​លា​ផង ហើយ​ព្រះ‌យេស៊ូ​ឡើង​គង់​លើ​ខ្នង​វា។

8. នៅ​ពេល​នោះ មាន​បណ្ដា‌ជន​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​អ្នក​ខ្លះ​ទៀត​កាច់​ធាង​ទន្សែ​យក​មក​ក្រាល​លើ​ផ្លូវ​ដែរ។

9. មហា‌ជន​ដែល​ដើរ​ហែ‌ហម​ព្រះ‌យេស៊ូ​ពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះ‌អង្គ ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់! ជយោ! ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។

10. កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង​ទាំង​មូល​នាំ​គ្នា​ជ្រួល‌ច្របល់ សួរ​ថា៖ «តើ​លោក​នោះ​ជា​នរណា?»។

សូមអានជំពូកពេញលេញ ម៉ាថាយ 21