1. ព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិមក្នុងស្រុកយូដា នារជ្ជកាលព្រះបាទហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹម
2. សួរថា៖ «ព្រះមហាក្សត្ររបស់ជនជាតិយូដា ដែលទើបនឹងប្រសូតគង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ»។
3. កាលព្រះបាទហេរ៉ូដឮដំណឹងនេះ ទ្រង់រន្ធត់ព្រះហឫទ័យយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ក៏រន្ធត់ចិត្តជាមួយព្រះអង្គដែរ។
4. ព្រះរាជាត្រាស់ហៅពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*ទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីទីកន្លែងដែលព្រះគ្រិស្ដ*ត្រូវប្រសូត។
5. គេទូលស្ដេចថា ព្រះគ្រិស្ដត្រូវប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ដ្បិតមានសេចក្ដីចែងទុកមកតាមរយៈព្យាការី*ថា៖
6. «ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុងបណ្ដាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានមេដឹកនាំមួយរូបកើតចេញពីអ្នក លោកនឹងថែរក្សាជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង»។
7. ពេលនោះ ព្រះបាទហេរ៉ូដហៅពួកហោរាចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។
8. បន្ទាប់មក ទ្រង់ចាត់ហោរាចារ្យទាំងនោះឲ្យទៅភូមិបេថ្លេហិម ដោយមានរាជឱង្ការថា៖ «សុំអស់លោកនាំគ្នាទៅចុះ ហើយស៊ើបសួរដំណឹងអំពីព្រះឱរសនោះឲ្យបានច្បាស់លាស់។ កាលបើបានឃើញហើយ ចូរមកប្រាប់យើងវិញផង ដើម្បីឲ្យយើងបានទៅថ្វាយបង្គំព្រះអង្គដែរ»។
9. ក្រោយពីបានទទួលរាជឱង្ការហើយគេក៏នាំគ្នាចេញទៅ។ ពេលនោះ ផ្កាយដែលគេបានឃើញនៅទិសខាងកើត នាំមុខគេរហូតដល់កន្លែងដែលព្រះឱរសគង់ ទើបឈប់។