គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 19:5-20 Khmer Standard Version (KHSV)

5. រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា: “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ”។

6. គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ‌ស្រករ ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្សំ‌ផ្គុំ​នោះ​ឡើយ»។

7. ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម៉ូសេ​បញ្ជា​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែង‌លះ​ភរិយា?»។

8. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស តែ​កាល​ដើម​ឡើយ​មិន​មែន​ដូច្នោះ​ទេ។

9. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា(លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀប‌ការ) ហើយ​ទៅ​រៀប‌ការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​ឯង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់»។

10. សិស្ស*​នាំ​គ្នា​ទូល​ព្រះ‌អង្គ​ថា៖ «បើ​មាន​លក្ខ‌ខណ្ឌ​រវាង​ប្ដី​ប្រពន្ធ​បែប​នេះ គួរ​កុំ​រៀប‌ការ​ប្រសើរ​ជាង»។

11. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «មនុស្ស​គ្រប់​រូប​ពុំ​អាច​យល់​សេចក្ដី​នេះ​ឡើយ គឺ​មាន​តែ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យល់​ប៉ុណ្ណោះ ទើប​អាច​យល់​បាន។

12. អ្នក​ខ្លះ​មិន​អាច​រៀប‌ការ​បានតាំង​ពី​កំណើត​មក។ អ្នក​ខ្លះ​ទៀត​មិន​អាច​រៀប‌ការ​បាន​មក​ពី​ត្រូវ​គេ​ក្រៀវ។ រីឯ​អ្នក​ខ្លះ​ទៀត​មិន​រៀប‌ការ​មក​ពី​យល់​ដល់​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។ អ្នក​ណា​មាន​ប្រាជ្ញា ចូរ​យក​ពាក្យ​នេះ​ទៅ​រិះគិត​ឲ្យ​យល់​ចុះ!»។

13. មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗ​មក​ឲ្យ​ព្រះ‌យេស៊ូ​ដាក់​ព្រះ‌ហស្ដ​លើ​វា និង​អធិស្ឋាន*​ឲ្យ។ ពួក​សិស្ស*​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ

14. តែ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេង​តូចៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​បាន»។

15. បន្ទាប់​មក ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ដ​លើ​ក្មេង​ទាំង​នោះ រួច​ទ្រង់​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ។

16. ពេល​នោះ មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​អ្វី​ខ្លះ ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច?»។

17. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ត្រូវ​ប្រតិបត្តិ​តាម​បទ‌បញ្ជា*​ទៅ»។

18. គាត់​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «បទ‌បញ្ជា​អ្វី​ខ្លះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស

19. ចូរ​គោរព​មាតា‌បិតាចូរ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។

20. យុវ‌បុរស​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?»។

សូមអានជំពូកពេញលេញ ម៉ាថាយ 19