គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 19:10-29 Khmer Standard Version (KHSV)

10. សិស្ស*​នាំ​គ្នា​ទូល​ព្រះ‌អង្គ​ថា៖ «បើ​មាន​លក្ខ‌ខណ្ឌ​រវាង​ប្ដី​ប្រពន្ធ​បែប​នេះ គួរ​កុំ​រៀប‌ការ​ប្រសើរ​ជាង»។

11. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «មនុស្ស​គ្រប់​រូប​ពុំ​អាច​យល់​សេចក្ដី​នេះ​ឡើយ គឺ​មាន​តែ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យល់​ប៉ុណ្ណោះ ទើប​អាច​យល់​បាន។

12. អ្នក​ខ្លះ​មិន​អាច​រៀប‌ការ​បានតាំង​ពី​កំណើត​មក។ អ្នក​ខ្លះ​ទៀត​មិន​អាច​រៀប‌ការ​បាន​មក​ពី​ត្រូវ​គេ​ក្រៀវ។ រីឯ​អ្នក​ខ្លះ​ទៀត​មិន​រៀប‌ការ​មក​ពី​យល់​ដល់​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។ អ្នក​ណា​មាន​ប្រាជ្ញា ចូរ​យក​ពាក្យ​នេះ​ទៅ​រិះគិត​ឲ្យ​យល់​ចុះ!»។

13. មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗ​មក​ឲ្យ​ព្រះ‌យេស៊ូ​ដាក់​ព្រះ‌ហស្ដ​លើ​វា និង​អធិស្ឋាន*​ឲ្យ។ ពួក​សិស្ស*​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ

14. តែ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេង​តូចៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​បាន»។

15. បន្ទាប់​មក ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ដ​លើ​ក្មេង​ទាំង​នោះ រួច​ទ្រង់​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ។

16. ពេល​នោះ មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​អ្វី​ខ្លះ ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច?»។

17. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ត្រូវ​ប្រតិបត្តិ​តាម​បទ‌បញ្ជា*​ទៅ»។

18. គាត់​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «បទ‌បញ្ជា​អ្វី​ខ្លះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស

19. ចូរ​គោរព​មាតា‌បិតាចូរ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។

20. យុវ‌បុរស​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?»។

21. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះ ចូរ​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​លក់ ហើយ​ចែក​ឲ្យ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​បាន​សម្បត្តិ​សួគ៌ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ!»។

22. កាល​យុវ‌បុរស​នោះ​ឮ​ដូច្នេះ គាត់​ត្រឡប់​ទៅ​វិញ ទាំង​ព្រួយ​ចិត្ត ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ​ណាស់។

23. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​មាន​ពិបាក​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ណាស់!។

24. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ទៅ​ទៀត»។

25. កាល​ពួក​សិស្ស​ឮ​ដូច្នោះ គេ​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​នឹង​អាច​ទទួល​ការ​សង្គ្រោះ?»។

26. ព្រះ‌យេស៊ូ​ទត​មើល​គេ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ រីឯ​ព្រះ‌ជាម្ចាស់​វិញ អ្វី​ក៏​ដោយ​ព្រះ‌អង្គ​ធ្វើ​កើត​ទាំង​អស់»។

27. ពេល​នោះ លោក​ពេត្រុស*​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយ យើង​ខ្ញុំ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ ដើម្បី​មក​តាម​ព្រះ‌អង្គ។ តើ​យើង​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា?»។

28. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ក្នុង​ពិភព​ថ្មី ពេល​បុត្រ​មនុស្ស*​គង់​លើ​បល្ល័ង្ក​ប្រកប​ដោយ​សិរី‌រុងរឿង អ្នក​រាល់​គ្នា​ដែល​មក​តាម​ខ្ញុំ​នេះ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ដប់‌ពីរ ហើយ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ផង។

29. អ្នក​ណា​លះ‌បង់​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ កូន ឬ​ស្រែ​ចម្ការ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​វិញ​មួយ​ជា​មួយ​រយ ព្រម​ទាំង​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។

សូមអានជំពូកពេញលេញ ម៉ាថាយ 19