គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 19:1-9 Khmer Standard Version (KHSV)

1. កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ទ្រង់​ក៏​ចាក​ចេញ​ពី​ស្រុក​កាលី‌ឡេ យាង​ឆ្ពោះ​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​ក្នុង​ស្រុក​យូដា។

2. មហា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​មក​តាម​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​នៅ​ទី​នោះ។

3. មាន​ពួក​ខាង​គណៈ​ផារីស៊ី*​ចូល​មក​ជិត ហើយ​ទូល​សួរ​ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះ‌អង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​នឹង​លែង​ភរិយា ដោយ​សំអាង​លើ​មូល​ហេតុ​អ្វី​ក៏​ដោយ​បាន​ឬ​ទេ?»។

4. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​រាល់​គ្នា​ធ្លាប់​អាន​គម្ពីរ​រួច​មក​ហើយ​ថា កាល​ដើម​ដំបូង ព្រះ‌អាទិករ*​បាន​បង្កើត​មនុស្ស​មក​ជា​បុរស ជា​ស្ត្រី

5. រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា: “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ”។

6. គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ‌ស្រករ ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្សំ‌ផ្គុំ​នោះ​ឡើយ»។

7. ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម៉ូសេ​បញ្ជា​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែង‌លះ​ភរិយា?»។

8. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស តែ​កាល​ដើម​ឡើយ​មិន​មែន​ដូច្នោះ​ទេ។

9. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា(លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀប‌ការ) ហើយ​ទៅ​រៀប‌ការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​ឯង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់»។

សូមអានជំពូកពេញលេញ ម៉ាថាយ 19