គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 17:12-20 Khmer Standard Version (KHSV)

12. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្យាការី​អេលីយ៉ា​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​លោក​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គេ​ថែម​ទាំង​បាន​ធ្វើ​បាប​លោក​សព្វ​បែប​យ៉ាង តាម​អំពើ​ចិត្ត​របស់​គេ​ទៀត​ផង។ បុត្រ​មនុស្ស​ក៏​នឹង​ត្រូវ​គេ​ធ្វើ​បាប​ដូច្នោះ​ដែរ»។

13. ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំពី​លោក​យ៉ូហាន‌បាទីស្ដ*។

14. កាល​ព្រះ‌យេស៊ូ និង​សិស្ស*​ទាំង​បី​រូប មក​ដល់​កន្លែង​ដែល​បណ្ដា‌ជន​នៅ​ជុំ​គ្នា មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ។ គាត់​លុត​ជង្គង់​ចុះ

15. ទូល​ថា៖ «លោក​ម្ចាស់​អើយ សូម​លោក​អាណិត​មេត្តា​កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​ផង វា​ឆ្កួត​ជ្រូក បណ្ដាល​ឲ្យ​វា​ឈឺ​ចុក​ចាប់​ខ្លាំង​ណាស់ វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទឹក ជា​ញឹក​ញាប់។

16. ខ្ញុំ​ប្របាទ​បាន​នាំ​វា​មក​ជួប​សិស្ស​របស់​លោក​ដែរ តែ​គេ​ពុំ​អាច​មើល​វា​ឲ្យ​ជា​ទេ»។

17. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «នែ៎​ពួក​មនុស្ស​អាក្រក់​មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត! ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។

18. បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​គំរាម​អារក្ស អារក្ស​ក៏​ចេញ ហើយ​ក្មេង​នោះ​បាន​ជា​តាំង​ពី​ពេល​នោះ​មក។

19. ពេល​នោះ ពួក​សិស្ស​ចូល​មក​គាល់​ព្រះ‌យេស៊ូ ដាច់​ឡែក​ពី​គេ ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​អារក្ស​នោះ​បាន?»។

20. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត អ្នក​រាល់​គ្នា​នឹង​បញ្ជា​ទៅ​ភ្នំ​នោះ​ថា “ចូរ​ចេញ​ពី​នេះ ទៅ​នៅ​កន្លែង​ផ្សេង​ទៅ!” ភ្នំ​មុខ​ជា​ធ្វើ​តាម​ពាក្យ​អ្នក​រាល់​គ្នា​មិន​ខាន ដ្បិត​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​ឡើយ។

សូមអានជំពូកពេញលេញ ម៉ាថាយ 17