គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 17:1-14 Khmer Standard Version (KHSV)

1. ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​នាំ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ប្អូន ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ។

2. ពេល​នោះ ព្រះ‌អង្គ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ប្លែក​ពី​មុន នៅ​មុខ​សិស្ស*​ទាំង​បី គឺ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​បញ្ចេញ​រស្មី​ចែង​ចាំង​ដូច​ពន្លឺ​ថ្ងៃ ហើយ​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ដូច​ពន្លឺ។

3. សិស្ស​ទាំង​បី​បាន​ឃើញ​លោក​ម៉ូសេ* និង​ព្យាការី*​អេលីយ៉ា​សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។

4. លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ ទូលបង្គំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះ‌អង្គ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​ព្យាការី​អេលីយ៉ា»។

5. កាល​លោក​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក*​ដ៏​ភ្លឺ​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ហើយ​មាន​ព្រះ‌សូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះ‌អង្គ​ណាស់ ចូរ​ស្ដាប់​ព្រះ‌អង្គ​ចុះ!»។

6. ពួក​សិស្ស​ឮ​ដូច្នោះ ក៏​នាំ​គ្នា​ក្រាប​ចុះ អោន​មុខ​ដល់​ដី ព្រោះ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

7. ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​ជិត ដាក់​ព្រះ‌ហស្ដ​លើ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង កុំ​ខ្លាច​អី!»។

8. កាល​ពួក​សិស្ស​ងើប​មុខ​ឡើង ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ពុំ​ឃើញ​មាន​នរណា​ទៀត​ឡើយ។

9. ពេល​ព្រះ‌អង្គ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស*​ទាំង​បី ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ​ថា៖ «កុំ​និយាយ​ប្រាប់​នរណា​អំពី​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ ត្រូវ​ចាំ​រហូត​ដល់​បុត្រ​មនុស្ស*​មាន​ជីវិត​រស់​ឡើង​វិញ»។

10. ពួក​សិស្ស*​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ*​ចេះ​តែ​និយាយ​ថា ព្យាការី​អេលីយ៉ា​ត្រូវ​អញ្ជើញ​មក​មុន?»។

11. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្យាការី​អេលីយ៉ា​អញ្ជើញ​មក​មែន ដើម្បី​រៀបចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។

12. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្យាការី​អេលីយ៉ា​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​លោក​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គេ​ថែម​ទាំង​បាន​ធ្វើ​បាប​លោក​សព្វ​បែប​យ៉ាង តាម​អំពើ​ចិត្ត​របស់​គេ​ទៀត​ផង។ បុត្រ​មនុស្ស​ក៏​នឹង​ត្រូវ​គេ​ធ្វើ​បាប​ដូច្នោះ​ដែរ»។

13. ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំពី​លោក​យ៉ូហាន‌បាទីស្ដ*។

14. កាល​ព្រះ‌យេស៊ូ និង​សិស្ស*​ទាំង​បី​រូប មក​ដល់​កន្លែង​ដែល​បណ្ដា‌ជន​នៅ​ជុំ​គ្នា មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ។ គាត់​លុត​ជង្គង់​ចុះ

សូមអានជំពូកពេញលេញ ម៉ាថាយ 17