គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 15:8-20 Khmer Standard Version (KHSV)

8. “ប្រជា​រាស្ត្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់ រីឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​យើង។

9. គេ​ថ្វាយ‌បង្គំ​យើង​ឥត​បាន​ការ​អ្វី​សោះ ព្រោះ​គេ​បង្រៀន​តែ​ក្បួន​ច្បាប់​របស់​មនុស្ស ប៉ុណ្ណោះ”។

10. បន្ទាប់​មក ព្រះ‌យេស៊ូ​ត្រាស់​ហៅ​បណ្ដា‌ជន រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្ដាប់ ហើយ​យល់​ឲ្យ​ច្បាស់​ថា

11. អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ពុំ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​មិន​បរិសុទ្ធ»។

12. ពេល​នោះ សិស្ស*​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «សូម​ព្រះ‌គ្រូ​ជ្រាប ពួក​ខាង​គណៈ​ផារីស៊ី*​ទាស់​ចិត្ត​ណាស់ មក​ពី​ឮ​ព្រះ‌គ្រូ​មាន​ប្រសាសន៍​ដូច្នេះ»។

13. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ព្រះ‌បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* នឹង​ដក​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ណា​ដែល​ព្រះ‌អង្គ​មិន​បាន​ដាំ។

14. កុំ​អំពល់​នឹង​គេ​ធ្វើ​អ្វី អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ ដឹក​នាំ​មនុស្ស​ខ្វាក់។ បើ​មនុស្ស​ខ្វាក់​ដឹក​ដៃ​មនុស្ស​ខ្វាក់ គេ​មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​មិន​ខាន»។

15. លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ព្រះ‌គ្រូ​បក​ស្រាយ​ពាក្យ​ប្រស្នា​នេះ​ឲ្យ​យើង​ខ្ញុំ​យល់​ផង»។

16. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​គ្មាន​ប្រាជ្ញា​ដូច​គេ​ដែរ​ឬ!

17. អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ត្រូវ​ចូល​ទៅ​ក្នុង​ពោះ រួច​ធ្លាក់​ទៅ​ទី​បន្ទោរ​បង់!

18. ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស សុទ្ធ​តែ​ផុស​ចេញ​ពី​ចិត្ត​មក គឺ​សេចក្ដី​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ*

19. ដ្បិត​គំនិត​អាក្រក់ ការ​កាប់​សម្លាប់ អំពើ​ផិត​ក្បត់ កាម‌គុណ​ថោក​ទាប ការ​លួច​ប្លន់ ពាក្យ​កុហក ពាក្យ​ត្មះ‌តិះ‌ដៀល សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ត​មនុស្ស​ទាំង​អស់

20. គឺ​ការ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។ រីឯ​ការ​បរិភោគ​ដោយ​មិន​បាន​ធ្វើ​ពិធី​លាង​ដៃ​នោះ ឥត​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ»។

សូមអានជំពូកពេញលេញ ម៉ាថាយ 15