គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 15:30-38 Khmer Standard Version (KHSV)

30. មាន​មហា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ ទាំង​នាំ​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ មនុស្ស​ពិការ​ជើង មនុស្ស​គ​ថ្លង់ និង​អ្នក​មាន​ជំងឺ​ឯ​ទៀតៗ​មក​ជា​មួយ។ គេ​ដាក់​អ្នក​ទាំង​នោះ​នៅ​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា។

31. ពេល​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជើង​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​បាន និង​មនុស្ស​ខ្វាក់​មើល​ឃើញ មហា‌ជន​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង ទាំង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ផង។

32. ព្រះ‌យេស៊ូ​ត្រាស់​ហៅ​ពួក​សិស្ស*​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​អាណិត​អាសូរ​បណ្ដា‌ជន​នេះ​ពន់​ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិភោគ​សោះ។ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ ទាំង​ពោះ​ទទេ​ឡើយ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។

33. ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «នៅ​ទី​នេះ​ស្ងាត់​ណាស់ តើ​យើង​បាន​ម្ហូប​អាហារ​ឯ​ណា​ឲ្យ​បណ្ដា‌ជន​ច្រើន​យ៉ាង​នេះ​បរិភោគ​គ្រាន់?»។

34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»។ ពួក​គេ​ទូល​ថា៖ «មាន​ប្រាំ‌ពីរ​ដុំ និង​មាន​ត្រី​តូចៗ​ខ្លះ​ដែរ»។

35. ព្រះ‌អង្គ​ក៏​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​ផ្ទាល់​នឹង​ដី

36. ទ្រង់​យក​នំប៉័ង​ទាំង​ប្រាំ‌ពីរ​ដុំ និង​ត្រី​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ពួក​សិស្ស​ក៏​យក​ទៅ​ចែក​បណ្ដា‌ជន។

37. ពួក​គេ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយ​ប្រមូល​នំប៉័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំ‌ពីរ​ជាល។

38. អស់​អ្នក​ដែល​បាន​បរិភោគ​មាន​ចំនួន​បួន‌ពាន់​នាក់ ឥត​គិត​ស្រីៗ និង​ក្មេងៗ​ផង​ទេ។

សូមអានជំពូកពេញលេញ ម៉ាថាយ 15