គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 15:14-29 Khmer Standard Version (KHSV)

14. កុំ​អំពល់​នឹង​គេ​ធ្វើ​អ្វី អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ ដឹក​នាំ​មនុស្ស​ខ្វាក់។ បើ​មនុស្ស​ខ្វាក់​ដឹក​ដៃ​មនុស្ស​ខ្វាក់ គេ​មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​មិន​ខាន»។

15. លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ព្រះ‌គ្រូ​បក​ស្រាយ​ពាក្យ​ប្រស្នា​នេះ​ឲ្យ​យើង​ខ្ញុំ​យល់​ផង»។

16. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​គ្មាន​ប្រាជ្ញា​ដូច​គេ​ដែរ​ឬ!

17. អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ត្រូវ​ចូល​ទៅ​ក្នុង​ពោះ រួច​ធ្លាក់​ទៅ​ទី​បន្ទោរ​បង់!

18. ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស សុទ្ធ​តែ​ផុស​ចេញ​ពី​ចិត្ត​មក គឺ​សេចក្ដី​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ*

19. ដ្បិត​គំនិត​អាក្រក់ ការ​កាប់​សម្លាប់ អំពើ​ផិត​ក្បត់ កាម‌គុណ​ថោក​ទាប ការ​លួច​ប្លន់ ពាក្យ​កុហក ពាក្យ​ត្មះ‌តិះ‌ដៀល សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ត​មនុស្ស​ទាំង​អស់

20. គឺ​ការ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។ រីឯ​ការ​បរិភោគ​ដោយ​មិន​បាន​ធ្វើ​ពិធី​លាង​ដៃ​នោះ ឥត​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ»។

21. បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន។

22. មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​ដែល​រស់​នៅ​ស្រុក​នោះ​ចូល​មក​គាល់​ព្រះ‌អង្គ ហើយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​ផង! កូន​ស្រី​ខ្ញុំ​ម្ចាស់​ត្រូវ​អារក្ស​ចូល​បណ្ដាល​ឲ្យ​វេទនា​ខ្លាំង​ណាស់»។

23. ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​នឹង​នាង​ឡើយ។ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គ ទូល​ថា៖ «សូម​ព្រះ‌គ្រូ​ប្រោស‌ប្រណី​ដល់​នាង​ផង ព្រោះ​នាង​ចេះ​តែ​ស្រែក​អង្វរ​ពី​ក្រោយ​យើង»។

24. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​តែ​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែលប៉ុណ្ណោះ»។

25. ប៉ុន្តែ ស្ត្រី​នោះ ចូល​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។

26. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ​ស៊ី​ឡើយ»។

27. នាង​ទូល​ព្រះ‌អង្គ​ថា៖ «ពិត​មែន​ហើយ​ព្រះ‌អម្ចាស់! ប៉ុន្តែ កូន​ឆ្កែ​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា»។

28. ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​មាំ‌មួន​ណាស់ ដូច្នេះ សូម​ឲ្យ​បាន​សម្រេច​តាម​ចិត្ត​នាង​ប្រាថ្នា​ចុះ!»។ កូន​ស្រី​របស់​នាង​បាន​ជា​តាំង​ពី​ពេល​នោះ​មក។

29. ព្រះ‌យេស៊ូ​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​សមុទ្រ​កាលី‌ឡេ។ បន្ទាប់​មក ព្រះ‌អង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ លុះ​យាង​ដល់​ហើយ ព្រះ‌អង្គ​គង់​ចុះ

សូមអានជំពូកពេញលេញ ម៉ាថាយ 15