គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 14:3-15 Khmer Standard Version (KHSV)

3. ព្រះ‌បាទ​ហេរ៉ូដ​បាន​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំ‌ឃាំង ដោយ​ទ្រង់​ជឿ​តាម​ពាក្យ​ព្រះ‌នាង​ហេរ៉ូ‌ឌាស ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព​ជា​អនុជ*

4. ព្រោះ​លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ថា «ព្រះ‌ករុណា​គ្មាន​សិទ្ធិ​យក​ព្រះ‌នាង​មក​ធ្វើ​ជា​មហេសី​ឡើយ»។

5. ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក​យ៉ូហាន តែ​ទ្រង់​ខ្លាច​បណ្ដា‌ជន ព្រោះ​ពួក​គេ​ចាត់​ទុក​លោក​ជា​ព្យាការី*​មួយ​រូប។

6. នៅ​ថ្ងៃ​បុណ្យ​ខួប​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ បុត្រី​របស់​ព្រះ‌នាង​ហេរ៉ូ‌ឌាស​ចូល​មក​រាំ​នៅ​មុខ​ភ្ញៀវ ធ្វើ​ឲ្យ​ស្ដេច​ពេញ​ចិត្ត​យ៉ាង​ខ្លាំង

7. រហូត​ដល់​ស្បថ‌ស្បែ​សន្យា​នឹង​នាង​ថា បើ​នាង​ចង់​បាន​អ្វី ស្ដេច​ប្រទាន​ឲ្យ​ទាំង​អស់។

8. នាង​ទូល​ទៅ​ស្ដេច​វិញ តាម​ពាក្យ​បង្គាប់​របស់​មាតា​ថា៖ «សូម​ទ្រង់​ប្រទាន​ក្បាល​របស់​យ៉ូហាន‌បាទីស្ដ ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ម្ចាស់!»។

9. ព្រះ‌រាជា​ព្រួយ​ព្រះ‌ហឫទ័យ​ក្រៃ‌លែង ព្រោះ​ទ្រង់​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​ជ្រុល​ហួស​ទៅ​ហើយ។ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​សុំ​របស់​នាង

10. គឺ​ចាត់​ទាហាន​ឲ្យ​ទៅ​កាត់​ក​លោក​យ៉ូហាន

11. យក​ក្បាល​ដាក់​លើ​ថាស​មួយ​ប្រគល់​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​មាតា។

12. ពួក​សិស្ស​របស់​លោក​យ៉ូហាន​មក​យក​សព​លោក​ទៅ​បញ្ចុះ ហើយ​នាំ​គ្នា​យក​ដំណឹង​ទៅ​ទូល​ព្រះ‌យេស៊ូ។

13. កាល​ព្រះ‌យេស៊ូ​បាន​ជ្រាប​ដំណឹង​នេះ ទ្រង់​ក៏​យាង​ចុះ​ទូក ចាក​ចេញ​ជា​មួយ​ពួក​សិស្ស* ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន។ ប៉ុន្តែ មហា‌ជន​បាន​ដឹង ហើយ​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា​ដើរ​ទៅ​តាម​ព្រះ‌អង្គ។

14. កាល​ព្រះ‌យេស៊ូ​យាង​ឡើង​ពី​ទូក ទត​ឃើញ​មហា‌ជន​ដ៏​ច្រើន​យ៉ាង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​គេ​ពន់​ពេក​ណាស់ ហើយ​ទ្រង់​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។

15. ពេល​នោះ ថ្ងៃ​ជ្រេ​ណាស់​ហើយ សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ក៏​ជិត​យប់​ផង សូម​ប្រាប់​បណ្ដា‌ជន​ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​វិញ រក​ទិញ​ម្ហូប​អាហារ​នៅ​តាម​ភូមិ»។

សូមអានជំពូកពេញលេញ ម៉ាថាយ 14