គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 14:25-36 Khmer Standard Version (KHSV)

25. ដល់​ពេល​ជិត​ភ្លឺ ព្រះ‌អង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​សិស្ស។

26. កាល​ពួក​គេ​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ គេ​ភ័យ​រន្ធត់ ហើយ​ស្រែក​ឡើង​ថា «ខ្មោច​លង!» ព្រោះ​គេ​ភ័យ​ពេក។

27. រំពេច​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​តាំង​ចិត្ត​ក្លាហាន​ឡើង ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!»។

28. លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​ពិត​ជា​លោក​មែន សូម​បញ្ជា​ឲ្យ​ខ្ញុំ​អាច​ដើរ​លើ​ទឹក​ទៅ​រក​លោក​ផង»។

29. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អញ្ជើញ​មក!» លោក​ពេត្រុស​ក៏​ចុះ​ពី​ទូក ដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ព្រះ‌យេស៊ូ។

30. ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង លោក​ភ័យ​ណាស់ ហើយ​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក។ លោក​ស្រែក​ឡើង​ថា៖ «លោក​ម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ផង!»។

31. ព្រះ‌យេស៊ូ​ក៏​លូក​ព្រះ‌ហស្ដ​ទាញ​គាត់​ឡើង​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ទុក​ចិត្ត​ដូច្នេះ?»។

32. បន្ទាប់​មក ព្រះ‌អង្គ និង​លោក​ពេត្រុស​ចូល​មក​ក្នុង​ទូក ហើយ​ខ្យល់​ក៏​ស្ងប់។

33. អ្នក​នៅ​ក្នុង​ទូក​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ទាំង​ពោល​ថា៖ «ព្រះ‌អង្គ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។

34. ព្រះ‌យេស៊ូ និង​ពួក​សិស្ស*​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង ត្រង់​ស្រុក​គេនេ‌សារ៉ែត។

35. អ្នក​ស្រុក​នោះ​ស្គាល់​ព្រះ‌អង្គ​ភ្លាម ហើយ​យក​ដំណឹង​ទៅ​ផ្សព្វ‌ផ្សាយ​ពាស‌ពេញ​តំបន់​ទាំង​មូល។ គេ​នាំ​អ្នក​ជំងឺ​ទាំង​អស់​មក​រក​ព្រះ‌អង្គ

36. អង្វរ​សូម​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ប៉ុណ្ណោះ អស់​អ្នក​ដែល​ពាល់ បាន​ជា​សះ‌ស្បើយគ្រប់ៗ​គ្នា។

សូមអានជំពូកពេញលេញ ម៉ាថាយ 14