គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 14:14-27 Khmer Standard Version (KHSV)

14. កាល​ព្រះ‌យេស៊ូ​យាង​ឡើង​ពី​ទូក ទត​ឃើញ​មហា‌ជន​ដ៏​ច្រើន​យ៉ាង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​គេ​ពន់​ពេក​ណាស់ ហើយ​ទ្រង់​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។

15. ពេល​នោះ ថ្ងៃ​ជ្រេ​ណាស់​ហើយ សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ក៏​ជិត​យប់​ផង សូម​ប្រាប់​បណ្ដា‌ជន​ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​វិញ រក​ទិញ​ម្ហូប​អាហារ​នៅ​តាម​ភូមិ»។

16. ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស​ថា៖ «មិន​បាច់​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ​ទេ ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ»។

17. សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំប៉័ង​តែ​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ»។

18. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​នំប៉័ង និង​ត្រី​នោះ​មក​ឲ្យ​ខ្ញុំ»។

19. បន្ទាប់​មក ព្រះ‌អង្គ​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​លើ​ស្មៅ ព្រះ‌អង្គ​យក​នំប៉័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ទ្រង់​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង​លើ សរ‌សើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំប៉័ង​ប្រទាន​ឲ្យ​ពួក​សិស្ស* ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដា‌ជន​បរិភោគ។

20. អ្នក​ទាំង​នោះ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយ​ពួក​សិស្ស​ប្រមូល​នំប៉័ង​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។

21. អស់​អ្នក​ដែល​បាន​បរិភោគ​នំប៉័ង មាន​ប្រុសៗ​ទាំង​អស់​ប្រមាណ​ប្រាំ‌ពាន់​នាក់ ឥត​គិត​ស្រីៗ និង​ក្មេងៗ​ផង​ទេ។

22. រំពេច​នោះ ព្រះ‌យេស៊ូ​បញ្ជា​ពួក​សិស្ស*​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រាប់​មហា‌ជន​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ​ដែរ។

23. កាល​ព្រះ‌អង្គ​ឲ្យ​មហា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ ដើម្បី​អធិស្ឋាន*។ លុះ​ដល់​យប់ ទ្រង់​គង់​នៅ​ទី​នោះ​តែ​មួយ​ព្រះ‌អង្គ​ឯង។

24. ពេល​នោះ ទូក​ចេញ​ឆ្ងាយ​ពី​ច្រាំង​ហើយ ក៏​ត្រូវ​រលក​បក់​បោក ព្រោះ​បញ្ច្រាស​ខ្យល់។

25. ដល់​ពេល​ជិត​ភ្លឺ ព្រះ‌អង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​សិស្ស។

26. កាល​ពួក​គេ​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ គេ​ភ័យ​រន្ធត់ ហើយ​ស្រែក​ឡើង​ថា «ខ្មោច​លង!» ព្រោះ​គេ​ភ័យ​ពេក។

27. រំពេច​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​តាំង​ចិត្ត​ក្លាហាន​ឡើង ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!»។

សូមអានជំពូកពេញលេញ ម៉ាថាយ 14