គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 11:19-27 Khmer Standard Version (KHSV)

19. រីឯ​បុត្រ​មនុស្ស*​ក៏​បាន​មក​ដែរ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា “មើល​ចុះ! អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព‌គប់​ជា​មួយ​ពួក​ទារ​ពន្ធ* និង​មនុស្ស​បាប”។ ប៉ុន្តែ មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន ដោយ​គេ​បាន​ឃើញ​កិច្ចការ​ដែល​ព្រះ‌អង្គ​ធ្វើ»។

20. ពេល​នោះ ព្រះ‌អង្គ​ចាប់​ផ្ដើម​ស្ដី​បន្ទោស​អ្នក​ក្រុង​នានា​យ៉ាង​ខ្លាំង ព្រោះ​គេ​បាន​ឃើញ​ព្រះ‌អង្គ​សម្តែង​ការ​អស្ចារ្យ​ផ្សេងៗ​ក្នុង​ក្រុង​របស់​គេ តែ​គេ​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​សោះ៖

21. «អ្នក​ក្រុង​ខូរ៉ា‌ស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ អ្នក​ក្រុង​បេតសៃ‌ដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង​នោះ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះជា​មិន​ខាន។

22. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។

23. អ្នក​ក្រុង​កាពើ‌ណិម​អើយ! កុំ​នឹក​ស្មាន​ថា​អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថាន​សួគ៌​ឡើយ អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ។ ប្រសិន​បើ​អ្នក​ក្រុង​សូដុម​បាន​ឃើញ​ការ​អស្ចារ្យ ដែល​កើត​មាន​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ម៉្លេះ​សម​ក្រុង​សូដុម​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស ដរាប​មក​ទល់​សព្វ​ថ្ងៃ​ជា​មិន​ខាន។

24. ហេតុ​នេះ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​សូដុម​នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា»។

25. នៅ​ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឡើង​ថា៖ «បពិត្រ​ព្រះ‌បិតា​ជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ជា​អម្ចាស់​នៃ​ផែន‌ដី ទូលបង្គំ​សូម​សរ‌សើរ​តម្កើង​ព្រះ‌អង្គ ព្រោះ​ទ្រង់​បាន​សម្តែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូច‌តាច​យល់ តែ​ទ្រង់​បាន​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។

26. មែន​ហើយ! ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​សម្រេច​ដូច្នេះ។

27. ព្រះ‌បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌បុត្រា ក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតា​ក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌ហឫទ័យ​សម្តែង​ឲ្យ​ស្គាល់​នោះ​ដែរ»។

សូមអានជំពូកពេញលេញ ម៉ាថាយ 11