គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 11:15-23 Khmer Standard Version (KHSV)

15. អ្នក​ណា​ឮ​ពាក្យ​នេះ សុំ​យក​ទៅ​ពិចារណា​ទៅ!

16. តើ​ខ្ញុំ​អាច​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​ជន​ប្រភេទ​ណា? អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​តាម​ផ្សារ ហើយ​ស្ដី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ថា:

17. “យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​ពុំ​ព្រម​រាំ​ទេ យើង​បាន​ស្មូត្រ​បទ​ទំនួញ ក៏​ពួក​ឯង​ពុំ​ព្រម​គក់​ទ្រូង​យំ​ដែរ”។

18. យ៉ាង​ណា‌មិញ លោក​យ៉ូហាន​បាន​មក លោក​តម​អាហារ តម​សុរា តែ​គេ​ថា​លោក​មាន​អារក្ស​ចូល

19. រីឯ​បុត្រ​មនុស្ស*​ក៏​បាន​មក​ដែរ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា “មើល​ចុះ! អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព‌គប់​ជា​មួយ​ពួក​ទារ​ពន្ធ* និង​មនុស្ស​បាប”។ ប៉ុន្តែ មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន ដោយ​គេ​បាន​ឃើញ​កិច្ចការ​ដែល​ព្រះ‌អង្គ​ធ្វើ»។

20. ពេល​នោះ ព្រះ‌អង្គ​ចាប់​ផ្ដើម​ស្ដី​បន្ទោស​អ្នក​ក្រុង​នានា​យ៉ាង​ខ្លាំង ព្រោះ​គេ​បាន​ឃើញ​ព្រះ‌អង្គ​សម្តែង​ការ​អស្ចារ្យ​ផ្សេងៗ​ក្នុង​ក្រុង​របស់​គេ តែ​គេ​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​សោះ៖

21. «អ្នក​ក្រុង​ខូរ៉ា‌ស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ អ្នក​ក្រុង​បេតសៃ‌ដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង​នោះ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះជា​មិន​ខាន។

22. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។

23. អ្នក​ក្រុង​កាពើ‌ណិម​អើយ! កុំ​នឹក​ស្មាន​ថា​អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថាន​សួគ៌​ឡើយ អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ។ ប្រសិន​បើ​អ្នក​ក្រុង​សូដុម​បាន​ឃើញ​ការ​អស្ចារ្យ ដែល​កើត​មាន​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ម៉្លេះ​សម​ក្រុង​សូដុម​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស ដរាប​មក​ទល់​សព្វ​ថ្ងៃ​ជា​មិន​ខាន។

សូមអានជំពូកពេញលេញ ម៉ាថាយ 11