គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 1:16-25 Khmer Standard Version (KHSV)

16. លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប​ជា​ស្វាមី​របស់​នាង​ម៉ារី ដែល​បង្កើត​ព្រះ‌យេស៊ូ ហៅ​ថា ព្រះ‌គ្រិស្ដ*។

17. ដូច្នេះ ចាប់​ពី​លោក​អប្រាហាំ​មក​ទល់​ស្ដេច​ដាវីឌ មាន​ដប់‌បួន​តំណ ចាប់​ពី​ស្ដេច​ដាវីឌ​មក​ទល់​នឹង​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន មាន​ដប់‌បួន​តំណ ហើយ​ចាប់​ពី​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន មក​ទល់​ព្រះ‌គ្រិស្ដ ក៏​មាន​ដប់‌បួន​តំណ​ដែរ។

18. នេះ​ជា​ដំណើរ​រឿង​អំពី​កំណើត​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ។ នាង​ម៉ារី ជា​មាតា​របស់​ព្រះ‌អង្គ ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​រួច​ទៅ​ហើយ។

19. លោក​យ៉ូសែប ជា​ស្វាមី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​លោក​សម្រេច​ចិត្ត​ថា នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។

20. ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​ថា៖ «លោក​យ៉ូសែប​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ*​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា​ឡើយ! បុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*។

21. នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ឲ្យ​រួច​ពី​បាប​របស់​គេ»។

22. ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្យាការី*​ថា៖

23. «មើល! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ដែល​គេ​នឹង​ថ្វាយ ព្រះ‌នាម​ថា “អេម៉ាញូ‌អែល”» ប្រែ​ថា «ព្រះ‌ជា​ម្ចាស់​គង់​ជា​មួយ​យើង»។

24. លុះ​លោក​យ៉ូសែប​ភ្ញាក់​ឡើង លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវតា*​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា

25. ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សម្រាល​បាន​បុត្រ ដែល​លោក​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ”។

សូមអានជំពូកពេញលេញ ម៉ាថាយ 1