គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 9:4-15 Khmer Standard Version (KHSV)

4. ពេល​នោះ សិស្ស​ទាំង​បី​នាក់​ឃើញ​ព្យាការី*​អេលីយ៉ា និង​លោក​ម៉ូសេ* សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។

5. លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះ​គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា»។

6. លោក​ពេត្រុស​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ពុំ​ដឹង​ថា​ចង់​និយាយ​អំពី​អ្វី​ឡើយ ដ្បិត​សិស្ស​ទាំង​បី​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។

7. ពេល​នោះ ស្រាប់​តែ​មាន​ពពក*​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា មាន​ព្រះ‌សូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ចូរ​ស្ដាប់​ព្រះ‌អង្គ​ចុះ!»។

8. រំពេច​នោះ ពួក​សិស្ស​ក្រឡេក​មើល​ជុំ‌វិញ​ខ្លួន ពុំ​ឃើញ​នរណា​ទៀត​ឡើយ ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​គង់​ជា​មួយ​គេ។

9. ពេល​ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​បី ទ្រង់​ហាម‌ប្រាម​គេ មិន​ឲ្យ​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​ខ្លួន​បាន​ឃើញ​ប្រាប់​នរណា​ឡើយ រហូត​ដល់​បុត្រ​មនុស្ស​រស់​ឡើង​វិញ។

10. អ្នក​ទាំង​បី​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ តែ​សាក‌សួរ​គ្នា​ថា៖ «តើ​“រស់​ឡើង​វិញ” មាន​ន័យ​ដូច​ម្ដេច?»។

11. បន្ទាប់​មក គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ​ចេះ​តែ​និយាយ​ថា ព្យាការី​អេលីយ៉ា​ត្រូវ​អញ្ជើញ​មក​មុន?»។

12. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ព្យាការី​អេលីយ៉ា​អញ្ជើញ​មក​មុន​មែន ដើម្បី​រៀប‌ចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា បុត្រ​មនុស្ស​ត្រូវ​រង‌ទុក្ខ​លំបាក​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើល‌ងាយ​ផង​ដូច្នេះ?

13. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្យាការី​អេលីយ៉ា​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​បាន​ធ្វើ​បាប​លោក​សព្វ​បែប​យ៉ាង​តាម​អំពើ​ចិត្ត​របស់​គេ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់»។

14. ព្រះ‌យេស៊ូ និង​អ្នក​ទាំង​បី បាន​មក​ជួប​សិស្ស​ឯ​ទៀតៗ ទ្រង់​ទត​ឃើញ​បណ្ដា‌ជន​ច្រើន​កុះ‌ករ​ឈរ​នៅ​ជុំ‌វិញ​សិស្ស​ទាំង​នោះ ហើយ​ឃើញ​ពួក​អាចារ្យ*​ជជែក​ជា​មួយ​គេ​ផង។

15. កាល​បណ្ដា‌ជន​ឃើញ​ព្រះ‌យេស៊ូ គេ​ស្រឡាំង‌កាំង​គ្រប់​គ្នា ហើយ​រត់​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ម៉ាកុស 9