គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 8:28-38 Khmer Standard Version (KHSV)

28. ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី*​អេលីយ៉ា ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ព្យាការី​មួយ​រូប»។

29. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ជា​ព្រះ‌គ្រិស្ដ»។

30. ព្រះ‌យេស៊ូ​ហាម‌ប្រាម​សិស្ស*​មិន​ឲ្យ​និយាយ​ប្រាប់​គេ​អំពី​ព្រះ‌អង្គ​ឡើយ។

31. បន្ទាប់​មក ព្រះ‌យេស៊ូ​ក៏​ចាប់​ផ្ដើម​បង្រៀន​ពួក​សិស្ស​ថា បុត្រ​មនុស្ស*​ត្រូវ​រង‌ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។ ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​នាយក​បូជា‌ចារ្យ* ពួក​អាចារ្យ*​នឹង​បោះ‌បង់​ព្រះ‌អង្គ​ចោល ថែម​ទាំង​ធ្វើ​គុត​ព្រះ‌អង្គ​ទៀត​ផង តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

32. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​បញ្ជាក់​ប្រាប់​គេ ដោយ​ឥត​លាក់‌លៀម។ លោក​ពេត្រុស​យាង​ព្រះ‌អង្គ​ចេញ​ទៅ​ឆ្ងាយ​ពី​គេ​បន្តិច ហើយ​បន្ទោស​ព្រះ‌អង្គ។

33. ព្រះ‌យេស៊ូ​ងាក​ទត​ទៅ​ពួក​សិស្ស*​ឯ​ទៀតៗ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​បន្ទោស​លោក​ពេត្រុស​វិញ​ថា៖ «នែ៎! មារ​សាតាំង​ថយ​ទៅ​ក្រោយ​ខ្ញុំ​ទៅ ដ្បិត​គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​ព្រះ‌ជាម្ចាស់​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​សុទ្ធ‌សាធ»។

34. បន្ទាប់​មក ព្រះ‌អង្គ​ត្រាស់​ហៅ​បណ្ដា‌ជន និង​សិស្ស​រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ។

35. ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត​ពុំ‌ខាន រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ និង​ព្រោះ​តែ​ដំណឹង‌ល្អ* នឹង​បាន​ជីវិត​វិញ។

36. បើ​មនុស្ស​ម្នាក់​បាន​លោកីយ៍​ទាំង​មូល មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់‌បង់​ជីវិត​នោះ​នឹង​មាន​ប្រយោជន៍​អ្វី?

37. តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?

38. នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ក្បត់​ព្រះ‌ជាម្ចាស់ និង​ក្នុង​ចំណោម​មនុស្ស​មាន​បាប​នា​សម័យ​នេះ បើ​អ្នក​ណា​អៀន​ខ្មាស មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ស្គាល់​ពាក្យ​របស់​ខ្ញុំ លុះ​ដល់​បុត្រ​មនុស្ស​យាង​មក​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌បិតា​ព្រះ‌អង្គ និង​ទេវតា*​ដ៏‌វិសុទ្ធ ទ្រង់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ»។

សូមអានជំពូកពេញលេញ ម៉ាកុស 8