គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 8:1-17 Khmer Standard Version (KHSV)

1. នៅ​ពេល​នោះ បណ្ដា‌ជន​យ៉ាង​ច្រើន​កុះ‌ករ​មក​ប្រជុំ​គ្នា​សា​ជា​ថ្មី​ម្ដង​ទៀត។ ដោយ​គេ​គ្មាន​អ្វី​បរិ‌ភោគ ព្រះ‌យេស៊ូ​ត្រាស់​ហៅ​ពួក​សិស្ស*​មក មាន​ព្រះ‌បន្ទូល​ថា៖

2. «ខ្ញុំ​អាណិត​អាសូរ​បណ្ដា‌ជន​នេះ​ពន់‌ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិ‌ភោគ​សោះ។

3. ប្រសិន​បើ​ខ្ញុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​ពោះ​ទទេ គេ​មុខ​ជា​អស់​កម្លាំង​ដួល​តាម​ផ្លូវ​មិន​ខាន ព្រោះ​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​មក​ពី​ស្រុក​ឆ្ងាយ»។

4. ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ តើ​រក​ម្ហូប​អាហារ​ឯ​ណា​ឲ្យ​គេ​បរិ‌ភោគ​ឆ្អែត​គ្រប់​គ្នា​បាន?»។

5. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»។ ពួក​គេ​ទូល​ថា៖ «មាន​ប្រាំ‌ពីរ​ដុំ»។

6. ព្រះ‌អង្គ​ក៏​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​ផ្ទាល់​នឹង​ដី ទ្រង់​យក​នំប៉័ង​ទាំង​ប្រាំ‌ពីរ​ដុំ​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស*​ចែក​បណ្ដា‌ជន។

7. គេ​មាន​ត្រី​តូចៗ​ខ្លះ​ដែរ។ ព្រះ‌យេស៊ូ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រាប់​ពួក​សិស្ស​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ដល់​គេ។

8. គេ​បាន​បរិ‌ភោគ​ឆ្អែត​ទាំង​អស់​គ្នា ហើយ​ប្រមូល​នំប៉័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំ‌ពីរ​ជាល។

9. នៅ​ពេល​នោះ មាន​មនុស្ស​ទាំង​អស់​ប្រមាណ​ជា​បួន​ពាន់​នាក់។ បន្ទាប់​មក ព្រះ‌យេស៊ូ​ប្រាប់​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

10. ភ្លាម​នោះ ព្រះ‌អង្គ​យាង​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស​ឆ្ពោះ​ទៅ​តំបន់​ដាល់ម៉ា‌នូថា។

11. ពួក​ខាង​គណៈ​ផារី‌ស៊ី*​មក​ដល់ ហើយ​នាំ​គ្នា​ជជែក​ជា​មួយ​ព្រះ‌យេស៊ូ ដើម្បី​ល្បង‌ល​មើល​ព្រះ‌អង្គ គេ​សូម​ឲ្យ​ព្រះ‌អង្គ​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​អ្វី​មួយ​បញ្ជាក់​ថា ព្រះ‌អង្គ​បាន​ទទួល​អំណាច​ពី​ព្រះ‌ជាម្ចាស់។

12. ព្រះ‌យេស៊ូ​ដក​ដង្ហើម​ធំ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​មនុស្ស​ជំនាន់​នេះ​ចង់​ឃើញ​ទី​សម្គាល់​ដូច្នេះ? ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ព្រះ‌ជាម្ចាស់​មិន​ឲ្យ​គេ​ឃើញ​ទី​សម្គាល់​ណា​ឡើយ»។

13. បន្ទាប់​មក ព្រះ‌អង្គ​យាង​ចាក​ចេញ​ពី​គេ ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ។

14. ពួក​សិស្ស​ភ្លេច​យក​នំប៉័ង​ទៅ​ជា​មួយ។ ក្នុង​ទូក​គេ​មាន​នំប៉័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ។

15. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដាស់‌តឿន​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ផារី‌ស៊ី* ព្រម​ទាំង​មេ​ម្សៅ​របស់​ស្ដេច​ហេរ៉ូដ ឲ្យ​មែន​ទែន»។

16. ពួក​សិស្ស*​ជជែក​គ្នា​ថា៖ «លោក​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​យើង​គ្មាន​នំប៉័ង​ទេ​ដឹង!»។

17. ព្រះ‌យេស៊ូ​ជ្រាប​គំនិត​ពួក​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ម្ដេច​ក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំប៉័ង​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ពុំ​ទាន់​ស្ដាប់​បាន ពុំ​ទាន់​យល់​សេចក្ដី​ទេ​ឬ? ឬ​មួយ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស?

សូមអានជំពូកពេញលេញ ម៉ាកុស 8